រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ០៩នាក់បន្ថែមទៀត ត្រូវបានផ្ទេរ ប្រគល់ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ

  • 417
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរ​ដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរប្រគល់ទទួលអដ្ឋិធាតុយុទ្ធ​ជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន ពលី ជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន រដូវប្រាំង លើកទី២ ដំណាក់កាលទី ១៩ ចំនួន ៩អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេស​វៀតណាម​វិញ ស្ថិតនៅវត្តបរហ៊ុយ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

​លោកវរៈសេនីយ៍ឯក ត្រឹង ជីកុង ប្រធានក្រុមការងារអង្គភាព k73 ចំណុះយោធភូមិភាគទី៧ ខេត្ត​ឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ ថ្លែងអំណរគុណដល់​ថ្នាក់ដឹក​នាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលបានសហការល្អ​ជាមួយ​ក្រុមការងារអង្គភាព K73 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុ​កងទ័ព​វៀតណាមដោយ ទទួលបានលទ្ធផលល្អ។

ឯកឧត្តម ផាន់ ចាន់ធុល  អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការស្វែង​រុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុង សម័យសង្គ្រាមនៅ​ខេត្ត​​ប៉ៃលិន ដំណាក់កាលទី១៨ នេះ គឺអនុវត្តន៍តាម កិច្ចព្រម ព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលវៀតណាម  និងរវាងខេត្ត ប៉ៃលិន ជាមួយខេត្តឡុងអាន ដោយមានផែនការរុករក​អដ្ឋិធាតុ​ចំនួន ១៨ព័ត៌មាន ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះការចូលរួម​ស្វែង​រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការ​បង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើង ឱ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន  ដូច្នេះអាជ្ញាធរ​គ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ  ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តខិតខំ​សហ​ប្រតិ​បត្តិ​​ការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលី​ជីវិតនៅទឹកដីខេត្តប៉ៃលិន ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេស​វៀតណាម​វិញ។

​បើតាមរបាយការណ៍របស់ លោកវរៈសេនីយ៍ឯក ទោ គឹមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការ​សិក​រងខេត្តប៉ៃលិន បានឱ្យដឹងថា កន្លងមកក្រុមការងារគណៈកម្មការរុករកជីកគាស់ធ្វើមាតុភូមិនិវត្តន៍វៀតណាម ខេត្តតៃនិញ និងខេត្តឡុងអាន ជាមួយខេត្តប៉ៃលិន បានស្វែងរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត​វៀតណាម​នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានចំនួន ១០៣អដ្ឋិធាតុ ហើយ នៅដំណាក់កាលទី១៩ គឺចាប់​អនុវត្តន៍​ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ជាលទ្ធផលក្រុមការងារ បានរកឃើញអដិ្ឋធាតុ ចំនួន ០៩នាក់។

អត្ថបទទាក់ទង