រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យគ្រឹះស្ថានសិក្សារដ្ឋ ដែលត្រៀមបើកដំណើរការឡើងវិញ នៅតាមតំបន់ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ(SOP)

  • 537
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបានខេត្តប៉ៃលិន អមដំណើរ​ដោយអង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញចុះ ពិនិត្យមើលជាក់ស្តែង គ្រឹះស្ថានសិក្សារដ្ឋ ដើម្បីត្រៀមបើក​អោយដំណើរការឡើងវិញ នៅតាមតំបន់មានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយ​រយៈ​ដោយ​ស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ យោងតាមសេចក្តី​ណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថាន​សិក្សារដ្ឋ​ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្ត​ប៉ៃលិន បានជ្រើសរើសយក គ្រឹះស្ថានសិក្សារដ្ឋ ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ ធ្វើការ​បើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញ ដោយផ្តោតសំខាន់លើបឋមសិក្សា ​ដល់ត្រឹម​អនុវិទ្យា​ល័យ នៅតាមក្រុង ស្រុក និងឈានទៅបើកសាលាផ្សេងៗទៀតក្នុងទូទាំងខេត្ត។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍​ណែនាំដល់លោកនាយក​សាលាទាំងអស់ ពេលបើក​ដំណើរការរៀនឡើងវិញ ត្រូវរៀបចំម៉ាស៊ីនវ៉ាស់កម្តៅ ពាក់ម៉ាស់ អាល់កុល ឬជែល កន្លែងលាង​សម្អាតដៃ​នៅតាមមុខថ្នាក់រៀន រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម មិនត្រូវឱ្យសិស្សចេញលេងទេ ដើម្បី​ធានាដល់​ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តន៍ តាមស្តង់ដារ​ប្រតិបត្តិ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជម្រុញលើកទឹកចិត្តដល់​នាយក​សាលា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវខិតខំរៀបចំបរិស្ថានសាលារៀន អោយបានស្អាត មាន​សោភ័ណ​ភាព និងមានអនាម័យល្អ ដើម្បីប្រឡងប្រណាំងយកលេខ ០១ប្រចាំឆ្នាំ ហើយរដ្ឋបាលខេត្ត នឹងផ្តល់ជូនរង្វាន់​លើក​​ទឹកចិត្ត​ចំនួន ២០លានរៀនផងដែរ សម្រាប់សាលាដែលទទួលបានជ័យលាភី។

បើតាមការបញ្ជាក់របស់ លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយ​ដឹងថា៖ ការបើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើ​បឋមសិក្សាដល់​ត្រឹម​អនុវិទ្យាល័យនៅតាមក្រុង ស្រុកក្នុងខេត្ត និងឈានទៅបើកសាលាផ្សេងៗទៀតក្នុងខេត្តចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ហើយសាលា ដែលត្រៀមបើកសាកល្បងបង្រៀន ​រួមមាន៖ ក្រុងប៉ៃលិន មាន (អនុវិទ្យាល័យបរយ៉ា, សាលាបឋមសិក្សាបរយ៉ាខា, អនុវិទ្យាល័យភ្នំយ៉ាត, សាលា​បឋមសិក្សាប៉ាងរលឹម និងអនុវិទ្យាល័យប៉ាងរលឹម) ចំណែក ស្រុកសាលាក្រៅ មាន (អនុវិទ្យាល័យ​ហ៊ុន សែន អូរដូនតា, សាលាប​ឋមសិក្សាដីស,សាលាបឋមសិក្សាព្រៃសន្ទះ និងសាលាបឋមសិក្សា​កូនដំរី)៕

អត្ថបទទាក់ទង