រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំង ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក

  • 515
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការរៀបចំមណ្ឌលចត្តាឡីស័ក នៅអតីតសៃឡូតាម៉ៅ ស្ថិតក្នុងឃុំអណ្តូង ស្រុកសាលាក្រៅ ដើម្បីត្រៀមផ្ទេរពលករមកពីមណ្ឌលនានាតាមសាលារៀន ក្នុងករណីសិស្សានុសិស្សចូលសិក្សាវិញនាពេលខាងមុខ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។

នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ លោកជំទាវអភិបាលខេត្ត ក៍បានបញ្ជាកថា៖ ការរៀបចំ​មណ្ឌលចត្តាឡីស័កថ្មីនេះ គឺត្រៀមសម្រាប់ផ្ទេរបងប្អូនពលករយើង ដែលកំពុងធ្វើចត្តាឡីស័ក នៅតាម​មណ្ឌលសាលារៀនរដ្ឋនានា ដើម្បីបង្ការទុកជាមុន ក្នុងករណីសិស្សានុសិស្សចូលសិក្សាវិញនាពេលខាងមុខ បន្ទាប់ពីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។​

លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

សូមបញ្ជាក់ថា៖ ចំពោះសាលារៀនរដ្ឋ ដែលបានយកមកធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌល​ព្យាបាល​ជម្ងឺកូវីដ-១៩ គឺមានចំនួន ៥សាលា ហើយត្រៀមផ្ទេរមកកាន់មណ្ឌលថ្មី ដើម្បីឱ្យសិស្សានុសិស្សចូលរៀនឡើងវិញនាពេលខាងមុខ ទី១-វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ទី២-វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ទី៣-អនុវិទ្យាល័យសន្តិភាព ទី៤-សាលាបឋមសិក្សាភ្នំកុយ និងទី៥-សាលាបឋមសិក្សាសាលាក្រៅ ៕

អត្ថបទទាក់ទង