រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារនិងលើកទីសដៅបន្ត

  • 687
  • ដោយ poeuninfo

ប៉ៃលិន ៖ នៅសាលប្រជុំ ស ស យ​ ក ខេត្តព្រឹកថ្ងៃទី៥ ខែ មីនា ឆ្នាំ ២០២០  ឯកឧត្តម អ៊ី ឈាន  ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ                  វឌ្ឍនះភាពការងារ លើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យនិង គាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅខេត្តប៉ៃលិន។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន  បានធ្វើរបាយការណ៍ សង្ខេបអំពីសកម្មភាព និងលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ ២០១៩ ក្នុងនោះរួមមាន៖ បានរៀបចំធ្វើវេទិកាសាធារណៈ ដើម្បីពិនិត្យ និងដោះស្រាយសំណូមពរ បញ្ហា ប្រឈម និង កង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តបានចំនួន ១៦លើក និង ទទួលបាន សំណូមពរ និង បញ្ហាប្រឈមនានាដោះស្រាយទាន់ពេលវេលាផងដែរ។ ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ក្រុមការងារគ្រប់សមាសភាពពាក់ព័ន្ធបានខិតខំរួមសហការគ្នាដោះស្រាយ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងមានប្រសិទ្ធភាពទាំងសេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយការទទួលខុសត្រូវខ្ពស់។   ដោយឡែកសម្រាប់ទិសដៅឆ្នាំបន្តបន្ទាប់ក្រុមការងារ  នឹងខិតខំបំពេញបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋទាំងសេវាតម្រូវការ និង សេវាសំណូមពរ លើគ្រប់វិស័យ។

        ឯកឧត្តម អ៊ី ឈាន  ជាប្រធានក្រុមការងារថ្នាក់ជាតិរចុះមូលដ្ឋានខេត្តប៉ៃលិន បាន កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ថ្នាក់ខេត្ត អាជ្ញាធរ មូលដ្ឋាន សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និង មន្ទីរជំនាញពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ និងចុះដល់មូលដ្ឋាន ទូទាំងខេត្តដោយរួមគ្នាដោះស្រាយរាល់ទុក្ខកង្វល់របស់ពួកគាត់ ស្របតាមកម្មវិធី នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បាន ជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធរួមទាំងមន្ត្រីអាជ្ញាធរត្រូវបន្តដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋដែលនៅសេសសល់ តាមរយៈការធ្វើវេទិកាសាធារណៈនាពេល កន្លងមកនិងត្រូវបន្តធ្វើវេទិកានេះគ្រប់មូលដ្ឋាន ដើម្បីស្វែងយល់ពីទុក្ខកង្វល់និងសំណូមពរ របស់ពួកគាត់ព្រមទាំងរួមគ្នាយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈមនានាឲ្យបានឆាប់រហ័ស ស្របតាមអភិក្រម ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានប្រសិទ្ធភាព។

        ឯកឧត្ដម ក៏បានជំរុញឲ្យក្រុមការងារបន្តយកចិត្តទុកដាក់ ចុះជួយមូលដ្ឋានអោយបានជាប្រចាំ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

អត្ថបទទាក់ទង