រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

គណៈកម្មការទី០៨នៃរដ្ឋសភាស្នើសុំអាជ្ញាធរខេត្តប៉ៃលិន ចូលរួមផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃជំងឺមិនឆ្លងដល់ពលរដ្ឋ

  • 468
  • ដោយ poeuninfo

កាលពីរសៀលថ្ងៃទី២៨  ខែកុម្ភ: ឆ្នាំ២០២០ កន្លងទៅនេះ នៅសាលាខេត្តប៉ៃលិន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការ​ងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់  ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរជាប់ពាក់ព័ន្ធបានជំរុញដល់អាជ្ញាខេត្ត ផ្សព្វផ្សាយពីគ្រោះថ្នាក់នៃជំងឺឆ្លងនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាព ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តបានយល់ដឹង ពីគ្រោះថ្នាក់​បណ្តាលមកពីជម្ងឺមិនឆ្លង។

កិច្ចប្រជុំបានធ្វើឡើងនៅក្នុងពេលដែល លោកជំទាវ  ឡោក ខេង ដឹកនាំសហការីចុះសិក្សាស្វែងយល់ការងារ ដែលគណៈកម្មការទទួល បន្ទុកនៅក្នុងខេត្ត។ លោកជំទាវបានស្នើសុំអាជ្ញាធរ ជួយសម្រួលដល់ការលើកប៉ាណូអប់រំដល់ពលរដ្ឋពីគ្រោះថ្នាក់ដោយសារជំងឺមិនឆ្លង នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព និងបានស្នើសុំអាជ្ញាធរ ផ្សព្វផ្សាយពីយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) និងប័ណ្ណសមធម៌របស់កម្មករ កម្មការិនី ប្រជាពលរដ្ឋក្រីក្រ និងមន្រ្តីរាជការ អតីតយុទ្ធជន ដែលយន្តការនេះជា យន្តការពិសេស របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការលំបាករបស់ពលរដ្ឋ លើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។លោកជំទាវលើកឡើងថា សព្វថ្ងៃនេះ ជំងឺមិនឆ្លងបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាក្នុងមួយថ្ងៃ១៦៦នាក់ នេះបើតាមរបាយការណ៍ អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។ នេះជាចំនួនច្រើន តម្រូវអោយប្រជាពលរដ្ឋ និងក្រសួង មន្រ្តីសុខាភិបាល សិក្សា ស្វែងយល់បន្ថែមពីបញ្ហានេះ ហើយផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋបានយល់ដឹងគ្រប់ៗគ្នា។ លោកជំទាវក៍បានជំរុញដល់រដ្ឋបាលខេត្តត្រូវ បង្កើតឱ្យមានសមាគមន៍មនុស្សចាស់អោយបានគ្រប់ឃុំ​សង្កាត់ ពីព្រោះថា មនុស្សចាស់ៗនេះហើយ ដែលជារៀបច្បងនៃធនធានមនុស្ស ដែលយើងត្រូវយកចិត្តទុកដាក់ ចំពោះពួកគាត់ ទោះបីគាត់គ្មានកម្លាំងក៏ពិតមែន តែគំនិតបញ្ញារបស់គាត់ គឺផ្តល់ជាប្រឹក្សាដល់យើងជំនាន់ក្រោយផងដែរ។

ជាមួយគ្នានេះដែរលោកជំទាវ  ឡោក ខេង ក៍បានកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើ ប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ពិសេសលើការផ្តល់សេវាសាធារណៈ និងបានចូលរួមជួយជំរុញអោយប្រជាពលរដ្ឋយល់ដឹងកាន់តែ ច្បាស់ពីការប្រើប្រាស់ ប័ណ្ណ(ប.ស.ស) ប័ណ្ណសមធម៌ ។

ក្នុងឱកាសនោះដែរឯកឧត្តមផាន់ ចាន់ធុលអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសន្យាថា នឹងខិតខំសហការជាមួយគណៈកម្មការរដ្ឋសភាឲ្យកាន់តែល្អ ដើម្បីផ្តល់សេវាជូន ពលរដ្ឋ កាន់តែល្អប្រសើរឡើង  និងយកចិត្តទុកដាក់ជាខ្លំាងពីសុខសុវត្ថិភាពប្រជាពលរដ្ឋ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងការការពារ និងផ្តល់សេវាសាធារណៈ  ការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ដើមី្បឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅមូលដ្ឋាន ឈ្ពោះទៅរកការអនុវត្តនយោបាយវិមជ្ឈការ និង សហវិមជ្ឈការ ប្រកបដោយគុណភាព ប្រសិទ្ធិភាពខ្ពស់ ក្រោមម្លប់សុខសន្តិភាព ។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ស្របពេលដែលសក្តានុពលកសិកម្ម ទេសចរណ៍ ក្នុងខេត្តមានអំ​ណោយ​ផល អាជ្ញាធរខេត្តបានកំពុងជំរុញ នូវយន្តការមួយចំនួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដែលជាកត្តាចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្តនឹងខិតខំជំរុញដល់ថ្នាក់ដឹកនាំសុខាភិបាលត្រូវណែនាំដល់លោកគ្រូអ្នកគ្រូពេទ្យទាំងអស់ត្រូវចូលរួមផ្សព្វ​ផ្សាយពីគ្រោះថ្នាក់នៃជំងឺមិនឆ្លងដល់ពលរដ្ឋដើម្បីអោយពួកគាត់យល់ដឹង បង្ការទប់ស្កាត់ដោយខ្លួនឯង និងធ្វើការព្យាបាលនៅមន្ទីរពេទ្យអោយបានទាន់ពេលវេលា។

អត្ថបទទាក់ទង