រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយរដ្ឋបាលខេត្តប៉ៃលិនធ្វើការលាងសំអាតផ្លូវចាប់ពីរង្វង់មូលវិមានឯករាជ្យដល់ភ្នំយ៉ាតដើម្បីលើកកំពស់សោភ័ណភាពខេត្តប៉ៃលិនអោយកាន់ស្រស់បំព្រង

  • 784
  • ដោយ poeuninfo

រសៀលថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញត្រួតពិនិត្យមើលការលាងសម្អាតផ្លូវរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន ដើម្បីធ្វើការលាងជម្រះសំអាតផ្លូវក្នុងទីប្រជុំជនចាប់ពីរង្វង់មូលវិមានឯករាជ្យដល់ភ្នំយ៉ាត ដើម្បីលើកកំពស់សោភ័ណភាព អោយកាន់ស្រស់បំព្រងនិងមានបរិស្ថានល្អ។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ការលាងសំអាតផ្លូវនេះ ដើម្បីអោយដងផ្លូវនៅក្នុងក្រុងនៅវិមានឯករាជ្យ ឆ្ពោះទៅតំបន់រម្មណីយដ្ឋានប្រវត្តិសាស្ត្រវប្បធម៌ធម្មជាតិ ភ្នំយ៉ាតអោយមានភាពស្អាតល្អ ក៏ដូចជាការដាស់តឿនដល់ប្រជាពលរដ្ឋអោយមានការភ្ញាក់រលឹក ចេះស្រឡាញ់ និងរួមគ្នាសំអាតបរិស្ថានអោយបានល្អ ដើម្បីជាប្រយោជន៍ ពោរពេញដោយផាសុខភាព និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមបន្តថា៖ កន្លងមកនេះ រដ្ឋបាលខេត្តប៉ៃលិនតែងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍកសាងហេដ្ឋាចរនាសម្ព័ន្ធរូបវន្តនានា ជាច្រើននៅក្នុងខេត្ត ដូចជាការដាំដើមឈើ ការដាំផ្កាលម្អ ការកែលំអរសួនច្បារ សាធារណៈជាដើម ធ្វើយ៉ាងណាកែលម្អរអោយបរិស្ថាននៅក្នុងខេត្តប៉ៃលិនមានភាពស្រស់បំព្រង ស័ក្កសមជាទឹកដីត្បូងពេជ្រដែលសម្បូរទៅសម្បត្តិធម្មជាតិនិងកន្លែងកំសាន្តសប្បាយ បែបធម្មជាតិ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលតែងតែសហការជាមួយរដ្ឋបាលខេត្តធ្វើការលាងសម្អាតផ្លូវថ្នល់ក្នុងខេត្តប៉ៃលិនដោយឥតគិតថ្លៃដែលមានរយះពេលរហូតដល់មួយសប្តាហ៍ ដែលនេះបង្ហាញពីការចូលរួមលើកម្ពស់សោភ័ណភាព ក្នុងខេត្តអោយបានល្អផងដែរ។

        បើតាមអ្នកគ្រប់គ្រងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអោយដឹងថា  ក្រោមយុទ្ធនាការ «ទីក្រុងស្អាត សុខភាពល្អ» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជួនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿងនេះធ្វើការលាងសម្អាតផ្លូវនៅតាមគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ហើយសម្រាប់ខេត្តប៉ៃលិននឹងធ្វើការលាសសម្អាតផ្លូវអោយស្អាតឡើងវិញអោយមានភាពស្រស់ស្អាតនិងស្រស់បំព្រងដោយឥតគិតថ្លៃនេះ មានរយះពេលមួយសប្តាហ៍ពេញផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុននិយោគដោយខ្មែរ១០០ភាគរយ ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈIze ភេសជ្ជៈប៉ូវកម្លាំង Wurks និងទឹកផ្លែឈើJoop៕

អត្ថបទទាក់ទង