រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០

  • 662
  • ដោយ poeuninfo

        នៅព្រឹកអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១  ខែមករា ឆ្នាំ២០២០ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន មានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១១ ស.ហ.វ ស្តីពីការអនុវត្តច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ជូនដល់មន្រ្តីជំនាញនៃមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលកិច្ចប្រជុំនេះស្ថិត  ក្រោមអធិបតីភាពលោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត   លោក យ៉ាន់ យឿន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ពេជ្រ សារ៉ាន់ អនុប្រធានរតនាគារខេត្ត។

លោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្ត បានមានប្រសាសន៍ថា៖ ច្បាប់ស្តីពីហិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តជាអាទិភាពនូវគោលនយោបាយសំខាន់ជាសារវន្ត ដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា ក្នុងដំណើរឆ្ពោះទៅមុខនៅលើមាគានៃការកែទម្រង់ស៊ីជម្រៅក្នុងការអភិវឌ្ឍសមិទ្ធផលនានានៅក្នុងមូលដ្ឋានអោយមានការរីកចំរើន ទាំងគោលនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មី ក៏ដូចជាក្នុងដំណើរឈានឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ធានាសម្រេចអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៥%  និងធានាអោយបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការគ្រប់គ្រងបាននូវអតិផណារ  និងបន្តអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនតាមការសន្យា ក៏ដូចជាការពង្រឹងគ្រឹះក្នុងការកសាងស្ថាប័ន និងសមត្ថភាពនៃវិស័យសាធាណៈ ជាពិសេសជំរុញការអនុវត្តការកែទម្រង់បន្ទាន់នៅតាមការដ្ឋាន កែទម្រង់ចាំបាច់នានា ដើម្បីពង្រឹងភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចអោយមានសន្ទុះខ្លាំងក្លា។ ដូច្នេះថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្នុងខេត្តប៉ៃលិនទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ បន្ថែម និងត្រូវលើកឡើងជាសំនួរ បញ្ហាប្រឈមដែលអនុវត្តកន្លងមក ដើម្បីដកបទពិសោធន៍ការងារ និងបង្កើនសមត្ថភាពរបស់ខ្លួន សំរាប់យកទៅអនុវត្តការងាររៀបចំផែនការថវិកាជាក់ស្តែងទទួលបានជោគជ័យ ជាពិសេសត្រូវផ្តោតលើគោលនយោបាយរបស់រាជរដ្ឋាភិបាលរួមមាន៖០១/ ការបន្តដំឡើង បៀវត្សជូនដល់មន្រ្តីរាជការ និងកងកំលាំងគ្រប់​លំដាប់ថ្នាក់។​ទី០២/ ការវិនិយោគធន​ធានមនុស្ស និងការជំរុញអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៧-២០២៥ ស្តីពីសុខភាពរបស់កម្មករ និងរបបឧត្តម្ភមាតុភាពសម្រាប់កម្មការនារី របបសន្តិ​សុខសង្គមផ្នែកហានិភ័យការងារជាដើម។ទី០៣/ការកែទម្រង់សំដៅលើកម្ពស់ និងកែលម្អប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ​លើគ្រប់វិស័យ។ទី០៤/​ការផ្តល់អាទិភាព​លើ​ការ​វិនិយោគជាពិសេសផ្លូវថ្នល់ អគ្គីសនី និងប្រព័ន្ធធា​រាសាស្រ្តស្រោចស្រព ព្រមទាំង​ស្ថាបនា​ជួស និងស្តាឡើងវិញនូវ​ហេដ្ឋារចនាសម្ព័នរូបវ័ន្ត​ដែលរងផលប៉ះ​ពាល់​ពីជំនន់​ទឹកភ្លៀងក្នុងឆ្នាំ២០១៩។

      សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅពេញមួយព្រឹក ដោយមានការធ្វើបទបង្ហាញពីលោក វ៉ាត វុត្ថា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីសារាចរណែនាំលេខ០១១ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងមានការសួរដេញដោល និងការឆ្លើយសំនួរយ៉ាងផុលផុសលើសរាចរណែនាំថ្មីនេះ និងបញ្ហាប្រឈមនៃការអនុវត្តការងារកន្លងមក ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តការងារបន្តអោយទទួលបានជោគជ័យបន្ថែមទៀត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង