រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ផ្លូវលំ១ខ្សែរប្រវែង៦៣០០ម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ

  • 394
  • ដោយ poeuninfo

ថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញបើកការដ្ឋានជួសជុលឡើងវិញ នូវផ្លូវក្រាលក្រួសល្បាយថ្មភ្នំមួយខ្សែ ប្រវែង ៦៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិន បានថ្លែងអំណរគុណចំពោះ​រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលបានផ្តល់ជំនួយយ៉ាងច្រើន ក្នុងការចូលរួមចំណែក​ស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីពេលមុនរហូតដល់ពេលបច្ចុប្បន្ននេះ ពិសេសបានកសាងផ្លូវលំមួយខ្សែនេះជូនប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលជាផ្លូវយុទ្ធសាស្រ្តសំខាន់មួយសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានការយកចិត្តទុកដាក់ខ្ពស់លើការកសាងស្ពាន ថ្នល់ ប្រព័ន្ធជារាសាស្រ្តជាដើម ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះផងដែរ សម្តេចក៏មានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ដោយសម្តេចតែងតែបានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមេភូមិ មេឃុំ ចៅសង្កាត់ដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ឆាប់រហ័ស និងត្រូវដោះស្រាយ និងរាយការណ៍ពីតម្រូវការ និងការប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានសម្រាប់ថ្នាក់លើបានដឹង និងបន្តដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ឆ្លៀនក្នុងពេលនេះដែរ ឯកឧត្តមអភិបាលខេត្ត ណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ពិសេសលោកមេឃុំ ចៅសង្កាត់ លោកមេភូមិត្រូវខិតខំបំពេញការងារភារកិច្ចរបស់ខ្លួនអោយបានល្អ​ តាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ម៉្យាងទៀត យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការថែរក្សានូវសុខ សន្តិភាព ដែលថ្នាក់ដឹកនាំជាតិយើងបានប្រឹងប្រែងរកបានដោយលំបាក ពិសេសក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយមានការរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា៖ ផ្លូវក្រួសលាយល្បាយថ្មភ្នំ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) មានប្រវែង ៦៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ សំណង់សិល្បការចំនួន ៧កន្លែង និងគ្រឿងបរិក្ខារចរាចរណ៍មួយ​ចំនួន​ទៀត ដែលស្ថិតក្នុងភូមិចំនួន៤ គឺភូមិអូរសួស្តី ភូមិអូរតាវ៉ៅ ភូមិកូនភ្នំ និងភូមិប៉ាងរលឹម ស្មើនឹង​ប្រជាជន ចំនួន ៦៩៧២នាក់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង