រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិនស្វាគមន៍ក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន និងប្រទេសថៃ លើការសិក្សាស្វែងយល់ពី វិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ទេសចរណ៍ ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន

  • 587
  • ដោយ poeuninfo

(ប៉ៃលិន)៖អភិបាលរងខេត្តប៉ៃលិនឯកឧត្តមចេង ញ៉ាន់ តំណាងឯកឧត្តមផាន់ ចាន់ធុល​អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍គាំទ្រនិងស្វាគមន៍​ចំពោះក្រុមហ៊ុនវិនិយោគចំនួន០២ មកពី​ប្រទេសជប៉ុន និងប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពី វិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ទេសចរណ៍ សំរាប់ជាគំនិតក្នុងការរៀបចំកន្លែងវិនិយោគអោយបានតាម តំរូវការជាក់ស្តែង ឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យដែលមានក្នុងខេត្ត និងជាពិសេស

ចូលរួម​លើកស្ទួយសេដ្ឋកិច្ច និង​​ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានអោយមានការរីកចំរើនបន្ថែម ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល  ។

        មានប្រសាសន៍ថ្លែងក្នុងកិច្ចពិភាក្សាការងារ ឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្ត ក្នុងការអញ្ជើញ​ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន២ រួមមាន៖ក្រុមហ៊ុនFIGIX Industry Co.LTD  មកពីប្រទេសជប៉ុន និងក្រុមហ៊ុន AKTIO THAILAND  Co.LTD មកពីប្រទេសថៃ ដឹកនាំដោយលោកឧញ៉ាឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ដើម្បីសិក្សាស្វែងយល់ពីភូមិសាស្រ្តខេត្តប៉ៃលិន និងសិក្សាពី វិស័យកសិកម្ម ឧស្សាហ៍កម្ម ទេសចរណ៍ សំរាប់ធ្វើការវិនិយោគអោយទទួលបានជោគជ័យ។ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិននាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយមានការការចូលរួមពីសំណាក់លោកសុខ សុធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកជំទាវស៊ុម ហៀង អនុប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងលោក លោកស្រីតំណាងអោយក្រុមហ៊ុន FIGIX Industry Co.LTD  មកពីប្រទេសជប៉ុន និងក្រុមហ៊ុន AKTIO THAILAND  Co.LTD ជាច្រើននាក់ផងដែរ។

ឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ របស់ខេត្ត ដែលមានសក្តានុពល លើវិស័យទេសចរណ៍ និង កសិកម្ម ចំណែកទំហំពាណិជ្ជកម្មក្នុងខេត្ត បានផ្តល់ភាពងាយស្រួលច្រើន ហើយខេត្តប៉ៃលិន មានព្រំដែនជាប់ ប្រទេស ជិតខាង ដែលមានច្រកទ្វាអន្តរជាតិមួយ បានធ្វើឲ្យមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័សផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត ក៍បានបញ្ជាក់ដែរថា៖ កិច្ចប្រជុំពិភាក្សនេះ ក្នុងគោលបំនងជំរុញ ឱ្យអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យមកវិនិយោគអោយបានច្រើន និងផ្តល់ការប្រឹក្សា ជូនវិនិយោគទុន នូវវិស័យអាទិភាព មុន នឹងសម្រេចការដាក់ទុនវិនិយោគនៅក្នុងខេត្តយើង។ជាមួយគ្នានេះឯកឧត្តម ក៍បានសង្ឃឹមយ៉ាងមុតមាំ លើអ្នកវិនិយោគជនជាតិជប៉ុន ដែលចង់បង្កើតឲ្យមានរោងចក្រមួយ នៅក្នុងខេត្តប៉ៃលិន ដើម្បីបង្កើនសេដ្ឋកិច្ច ឲ្យរីកចំរើនបន្ថែមទៀត ហើយក៍ជំរុញ ឲ្យអាជ្ញាធរ ជាពិសេសស្ថាប័នជំនាញ ពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគទុន ដែលមានបំណងចូលមកបណ្ដាក់ទុន នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការវិនិយោគក្នុងខេត្តប៉ៃលិនទាំងមូលផងដែរ។

ឯកឧត្តមឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានមានប្រសាសន៍ជម្រាបជូនដល់រដ្ឋបាលខេត្តប៉ៃលិនពីស្ថានភាពក្រុមហ៊ុនដែលមានផែនការក្នុងការសិក្សាស្វែងយល់ពីភូមិសាស្រ្តខេត្តប៉ៃលិន ក្នុងវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហ៍កម្មកែច្នៃ ដើម្បីធ្វើការវិនិយោគ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធិភាព សំដៅចូលរួមបង្កើននូវមុខរបរ របស់បងប្អូនប្រជាពលរដ្ឋនិងបង្កើនសេដ្ឋក្នុងគ្រួសាររបស់ពួកគាត់ក្នុងមូលដ្ឋានអោយបានកាន់តែល្អថែមទៀត ដូច្នេះរដ្ឋបាលខេត្តត្រូវសហការនិងគាំទ្រជាមួយក្រុមហ៊ុនចំនួន២នេះដែលមានបំណងវិនិយោគ ដើម្បីអោយខេត្តប៉ៃលិនប្រែក្លាយជាតំបន់សេដ្ឋកិច្ច ទាក់ទាញភ្ញៀវទេសចរណ៍ ទាំងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ មកលេងកំសាន្ត និងមកសិក្សាស្វែងយល់នៅសកម្មភាពផ្សេងៗដែលខេត្តមាន ។ឯកឧត្តមបន្តថា៖ក្រុមហ៊ុនដែលមកខេត្តប៉ៃលិននៅពេលនេះគឺដើម្បីទស្សនៈកិច្ចសិក្សាស្វែងយល់វិស័យកសិកម្ម ឧស្សាហ៍កម្ម ទេសចរណ៍ និងយល់ដឹងពីស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ភូមិសាស្រ្តផ្សេងៗទៀតក្នុងខេត្តទាំងមូល សំរាប់ធ្វើការវិនិយោគវិស័យណាមួយដែលពេញចិត្ត យល់ឃើញថាងាយស្រួលក្នុងការកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេសក៍ដូចនៅក្នុងស្រុក។

បើតាមការបញ្ជាក់ពីលោកសុខ សុធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឲ្យដឹងថា៖ខេត្តប៉ៃលិន មានផ្ទៃដីសរុប១០៦២គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប១៥៨៧៨ គ្រួសារ ក្នុងនោះខេត្តប៉ៃលិន ក៍បាននាំកសិផលមួយចំនួន ទៅកាន់ទីផ្សារអន្តរជាតិ ដូចជា៖ ដំឡូងមីស្ងួត,ដំឡូងមីស្រស់ ពោតក្រហម ស្វាយកែវល្មៀត ផ្លែមៀនប៉ៃលិន និងម្ទេស ។ ចំណែកដីចំការដំាដំណាំកសិឧស្សាហកម្ម មានចំនួន ៣៧៥០០ហិកតា និងមានតំបន់ទេសចរពីរប្រភេទគឺ តំបន់ទេសចរណ៍បែបប្រវត្តសាស្ត្រ និងតំបន់ទេសចរណ៍បែបធម្មជាតិ និងកែច្ឆៃសរុប៧កន្លែង ដូចជា៖ ទឹកធ្លាក់ភ្នំខៀវ ,ស្ទឹងតារាប, ចំការខ្នុរ, ម្លប់សាវម៉ាវ ,ស្ទឹងត្រជាក់ចិត្ត, លួងរតនៈសម្បត្តិ, និងអូរឈើក្រំ ផងដែរ៕

អត្ថបទទាក់ទង