រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អាជ្ញាធរខេត្តប៉ៃលិន បន្តកិច្ចសហប្រតិបត្តិការស្វែងរុករក គាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី១៩

  • 562
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រជុំ ពិភាគ្សា​​ការងារ ជាមួយគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ផាម វ៉ាន់កាញ់ អនុប្រធាន​គណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាគ្សាពី​ផែន​ការ​សហប្រតិបត្តិការស្វែងរុករក គាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ព​ស្ម័គ្រ​ចិត្តវៀតណាម ដែល​បានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី១៩ (រដូវប្រាំង ឆ្នាំ២០១៩-២០២០)។

ឯកឧត្តម ផាន់ ចាន់ធុល  អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចសហ​ប្រតិបត្តិ​កា​រស្វែងរុករក គាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន​ពលី​ជីវិត​ក្នុងសម័យសង្គ្រាមនៅកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង​រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាពិសេសគឺកិច្ចសហប្រតិបត្តិការល្អរវាងខេត្តប៉ៃលិន និងខេត្តឡុងអាន ហើយក៍ជាការងារមនុស្សធម៌ និងជាការ​បង្ហាញ​​ពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះ​ការ​ពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើង ឱ្យមានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន  ដូច្នេះអាជ្ញាធរ​គ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់​អាវុធ​ពាក់​ព័ន្ធ  ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ទាំងអស់ ត្រូវបន្តខិតខំសហ​ប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករក គាស់ អដ្ឋិធាតុកងទ័ពវៀតណាម ដែល​បានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដែល​នៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេស​វៀត​ណាមវិញ។នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល មានបំណងចង់​ឱ្យខេត្តទាំង២ ប៉ៃលិន-ឡុងអាន ចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការណ៍ លើវិស័យមួយចំនួន ដូចជា៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ​វិស័យ​បណ្តុះ​បណ្តាលធនធានមនុស្ស និង​កីឡា ការផ្លាស់ប្តូបទ​ពិសោធន៍នឹង​សហការជួ​យគ្នា​ទៅវិញទៅមកលើកិច្ចការសង្គម និងពង្រឹង​សមត្ថភាពយុវជន ការថែរក្សាការពារសន្តិ​សុខសណ្តាប់ធ្នាប់​ក្នុង​សង្គម បង្កើតនូវទំនាក់ទំនង​ជាទៀងទាត់រវាងមន្ទីរ​អង្គភាព​ជំនាញពាក់ព័ន្ធរបស់ភាគីទាំងពីរ ដើម្បីសម្រប​សម្រួលនិងពិគ្រោះយោយល់ស្តីពីការផ្លាស់ប្តូកិច្ចសហប្រតិបត្តិការ និង ចាត់តាំងការប្រជុំបូកសរុប​លទ្ធផល​រីកចំរើនក្នុងកិច្ចសហប្រតិបត្តិការអោយបានទៀងទាត់។

ជាការឆ្លើយតបឯកឧត្តម ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន បានមានប្រសាសន៍សំនូម​ពរ ដល់កងកម្លាំងប្រដាប់​អាវុធគ្រប់​ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ បន្តកិច្ចសហ​ប្រតិ​បត្តិការល្អ ក្នុងការរុករក ជីកគាស់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែលនៅសេសសល់ ក្នុងភូមិ​សាស្ត្រ​​​ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ ដំណាក់កាលទី១៩ រដូវប្រាំងឆ្នាំ ២​០១៩-២០២០ នាពេលខាងមុខ ឱ្យទទួលបានលទ្ធផលល្អ ពីព្រោះការស្វែងរុករក និងធ្វើមាតុភូមិ​និវត្តន៍​អដិ្ឋ​ធាតុ​​យុទ្ធជនកងទ័ពវៀតណាមនៅកម្ពុជា គឺ​អនុវត្តន៍​តាមកិច្ច​ព្រមព្រៀងសហប្រតិបត្តិការ​រវាងរាជ​រដ្ឋា​ភិបាល​កម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាង​ខេត្ត​ប៉ៃលិន និងខេត្ត​ឡុងអាន។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៍បាន​​​ថ្លែង​អំណរ​​​គុណយ៉ាងជ្រាលជ្រៅ ចំពោះ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ព្រម​ទាំង​​​​​ប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ដែលកន្លង​មកបាន​សហការល្អជាមួយក្រុម​ការ​ងារគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ធ្វើឱ្យ​ដំណើរការរុករកអដិ្ឋធាតុ​កងទ័ព​វៀតណាមទទួលបានជោគជ័យជាបន្តបន្ទាប់។​

គួរបញ្ជាក់ថា៖ ការរុករក ជីកគាស់​អដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន សរុបចំនួន ១០៥អដ្ឋិធាតុ ដោយឡែកនៅឆ្នាំ២០១៩-២០២០នេះ មាន​ព័ត៌មាន​ចំនួន០៩ទីតាំង សរុបចំនួន ២៧អដ្ឋិធាតុ ដែលក្នុងនោះក្រុងប៉ៃលិនមាន ៤ ទីតាំង ចំនួន ១០អដ្ឋិធាតុ និងស្រុកសាលាក្រៅ​មាន៥ ទីតាំង ចំនួន ១៧អដ្ឋិធាតុ។ ញ៉ឹប បូរី ប៉ៃលិន

អត្ថបទទាក់ទង