រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តជំរុញអោយប្រធានមន្ទីរជំនាញផ្ទេរធនធាន ទៅអោយរដ្ឋបាលក្រុង/ស្រុកស្របតាមដំណើរការសមាហរណកម្មបុគ្គលិកក្នុងរចនាសម្ព័ន្ធថ្មី

  • 409
  • ដោយ poeuninfo

      មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំស្ដីពីដំណើរការសមាហរណកម្មបុគ្គ​លិក នៅរដ្ឋបាលក្រុង/ស្រុក នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិនបានជំរុញដល់ប្រធានមន្ទីរអង្គភាពជំនាញទាំងអស់ត្រូវផ្ទេរធនធាន ទៅ​អោយ​​រដ្ឋបាលក្រុង/ស្រុក អោយបានទាន់ពេលវេលា ស្របតាមដំណើរការសមាហរណកម្មបុគ្គ​លិក សំរាប់បំពេញការងារក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក អោយបាន​ត្រឹមត្រូវ មានតម្លាភាព ប្រសិទ្ធិភាព។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ គឺធានានូវគោលការណ៍ប្រសិទ្ធិភាព ពិគ្រោះ​យោ​បល់ តម្លាភាព អព្យាក្រឹត្យ នឹងសមធម៌ នឹងធានានូវអត្ថប្រយោជន៍​នានារបស់​បុគ្គលិក ​ដូចជា ក្របខ័ណ្ឌ ឋានន្តរស័ក្ខិ  ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗជាដើម។ ដូច្នេះប្រធានមន្ទីរអង្គភាពនីមួយៗត្រូវផ្សព្វ​ផ្សាយ​​ពីដំណើរការសមាហរណកម្ម បុគ្គលិក ដែលកំពុងបម្រើការងារនៅរដ្ឋបាល ក្រុង /ស្រុក អោយបានយល់ច្បាស់ ដោយផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តមួយចំនួនដែលពាក់ព័ន្ធ ដែលក្នុងនោះរួមមាន៖ ១/ អនុក្រឹត្យលេខ ១៨២ អនក្រ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។  ២/ អនុក្រឹត្យលេខ ១៨៤ អនក្រ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក។ ជាមួយគ្នានេះ​ត្រូវធ្វើតារាងរាយ​នាមឈ្មោះមន្រ្តីអោយ​បាន​ត្រឹមត្រូវច្បាស់លាស់ ដាក់ជូនរដ្ឋបាលខេត្តពិនិត្យ រួចបន្តយកទៅអោយគណៈ​កម្មាធិ​ការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសម្រេច នឹង​អនុវត្ត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង