នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាស្រុកសាលាក្រៅមានរៀបចំពិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន និង លោកជំទាវ ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងមានចូលរួមពីលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោក-លោកស្រីមេឃុំ ស្មៀនឃុំ អង្គការជាដៃគូនានា និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តសរុប ១០៦នាក់។
ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២របស់រដ្ឋបាលស្រុកនាពេលនេះគឺពិតជាមានសារះសំខាន់ណាស់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវបានកែសម្រួលចុងក្រោយដោយក្រសួងផែនការ និងលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីផ្សារភ្ជាប់រវាងកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ទៅនឹងកម្មវិធីវិនិយោគក្រុង ស្រុក និងរវាងក្រុង-ស្រុក ទៅកម្មវិធីវិនិយោគខេត្ត ដែលអាចគាំទ្រនិងឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងទាមទារឲ្យមានការគាំទ្រពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់។ ឯកឧត្តមបានបន្តថា រាជ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានដាក់ចេញនូវគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅសំដៅពន្លឿនការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យដោយក្នុងនោះមានវិស័យអាទិភាពដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យអភិវឌ្ឍន៍ជនបទជាដើម។ ឯកឧត្តមក៏បានសំណូមពរដល់ក្រុមប្រឹក្សាស្រុកត្រូវពិនិត្យតាមដានប្រតិទិនការងារ និង គម្រោងនីមួយៗអោយបានជាប្រចាំនិងច្បាស់លាស់ ជាពិសេសត្រូវមានការជួបជុំគ្នា មួយឆ្នាំពីរដងរឺមួយឆមាសម្តងក្នុងនោះរួមមាន មន្ទីរផែនការ ទីចាត់ការផែនការវិនិយោគខេត្ត និងម្ចាស់គម្រោងនានាដើម្បីប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ។ ទន្ទឹមនេះមន្ទីរផែនការខេត្តដែលជាសមាជិកអចិន្ត្រៃយ៍ ទីចាត់ការផែនការវិនិយោគខេត្ត ត្រូវរួមរួមគ្នាគិតគូរកៀរគតាមបណ្តាមន្ទីរ ស្ថាប័ន អង្គភាព អង្គការជាតិ និងអន្តរជាតិ ដើម្បីស្វែងរកការគាំទ្រ សំណើរគម្រោង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបញ្ហា និងតម្រូវការដែលយើងបានរកឃើញទាំងនោះទៅតាមវិស័យជំនាញរបស់មន្ទីរ អង្គភាពនីមួយៗនិងឃុំសង្កាត់ផងដែរ។
សូមបញ្ជាក់ផងដែរថា៖ ផ្អែកតាមលទ្ធផលនៃការអនុវត្តន៍គម្រោងតាមឃុំ/សង្កាត់ ឆ្នាំ២០១៩ ទទួលបានលទ្ធផលដូចខាងក្រោម៖ ០១.ឃុំសាលាក្រៅ សំណើរគម្រោង៥០ គាំទ្រ២៧ អនុវត្តន៍បាន១៧ គិតជាភាគរយប្រមាណ៦២ភាគរយ។ ០២.ឃុំស្ទឹងកាច់ សំណើរគម្រោង៤៦ គាំទ្រ២៧ អនុវត្តន៍បាន២៣ គិតជាភាគរយប្រមាណ ៨៥ភាគរយ។ ០៣.ឃុំស្ទឹងត្រង់ សំណើរគម្រោង៤៥ គាំទ្រ៤៩ អនុវត្តន៍បាន១៦ គិតជាភាគរយប្រមាណ៣២ភាគរយ។ ០៤.ឃុំអូរអណ្តូង សំណើរគម្រោង៣៩ គាំទ្រ២៦ អនុវត្តន៍បាន០១ គិតជាភាគរយប្រមាណ ៣ភាគរយ។ ដូច្នះសរុបលទ្ធផលនៃការអនុវត្តន៍គម្រោងតាមឃុំ/សង្កាត់ ឆ្នាំ២០១៩ សម្រាប់ឃុំទាំង៤ នៃស្រុកសាលាក្រៅសំណើរគម្រោងសរុបបាន១៨០ គាំទ្រសរុបបាន១២៩ អនុវត្តន៍សរុបបាន៥៧ គិតជាភាគរយសរុបប្រមាណ ៤៤ភាគរយ។ ហើយជាក់ស្តែងឃុំទាំង ៤ ក្នុងស្រុកសាលាក្រៅ គម្រោងស្នើឡើង សម្រាប់អនុវត្តឆ្នាំ២០២០ មានចំនួន ២៤៨ គម្រោង ចែកជាផ្នែក ៖ ផ្នែកសេដ្ឋកិច្ច ៥៦ គម្រោង ផ្នែកសង្គមកិច្ច ១៣៨ គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំការប្រែប្រួលអាកាសធាតុ ២១ គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ៣៣ គម្រោង ។ រដ្ឋបាលស្រុកបានស្នើឡើង មាន ៤៥ គម្រោង ដែលចែកចេញជា ៤ ផ្នែកសំខាន់ៗ គឺផ្នែកសេដ្ឋកិច្ចគម្រោងស្នើឡើងចំនួន០៦គម្រោង ផ្នែកសង្គមកិច្ច ២៤ គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំការប្រែប្រួលអាកាសធាតុ មាន០៣ គម្រោង និង ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ មាន ១២ គម្រោងផងដែរ ។