រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល ណែនាំអោយប្រជាពលរដ្ឋត្រូវមានការសម្បទាន យោគយល់គ្នា បញ្ចប់ទំនាស់ព្រំដី ដើម្បីធ្វើប្លង់កម្មសិទ្ធ

  • 531
  • ដោយ poeuninfo

មានប្រសាសន៍នៅក្នុងពិធីបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះ​បញ្ជី​ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ភូមិស្ទឹងកាច់ និងភូមិរថក្រោះឆេះ នៅបរិវេណវត្តបេង ដែលស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំអោយប្រជាពលរដ្ឋដែលមានទំនាស់ព្រំដីទាំងឡាយ ត្រូវមានការសម្បទាន យោគយល់គ្នាអោយបានខ្ពស់ ដើម្បីបញ្ចប់ទំនាស់ព្រំដី សំរាប់អោយមន្រ្តីជំនាញធ្វើប្លង់កម្មសិទ្ធស្របច្បាប់ជូនបងប្អូន ដែលជាប្រយោជន៍សំរាប់បងប្អូនយកទៅប្រើប្រាស់ផ្សេងៗ ដូចជា ការដាក់បញ្ចាំនៅធានាគាយកប្រាក់កម្ចីមកបង្កើត ឬពង្រីកអាជីវកម្មអោយមានការរីកចំរើនជាដើម។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការវាស់វែង ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធអាចធ្វើទៅបានលុះត្រាតែដីនោះ មិនមានការពាក់ព័ន្ធ ឬមានទំនាស់ព្រំដីកើតឡើង។ ដូច្នេះ សូមបងប្អូនទំលាក់ចោលនួវរាល់ទំនាស់ ការមិនឯកភាពគ្នាលើព្រំដីបន្តិចបន្ទួច ដើម្បីផលប្រយោជន៍ច្រើនទាំងអស់គ្នា។ ផលលំបាកពីការមានទំនាស់ព្រំដីនេះ ក្រៅពីមិនអាចធ្វើប្លង់កម្មសិទ្ធបានហើយ គឺទំនាស់អាចកើតជាក្តីក្តាំងដល់តុលាការ អស់ថវិកាច្រើនលើសដើម ម្យ៉ាងទៀតក៏ត្រូវចំណាយថវិកាច្រើន នៅពេលត្រូវការធ្វើប្លង់កម្មសិទ្ធដាច់ដោយឡែកនៅពេលក្រោយ។

        នៅក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្ត ហុក សុផល អភិបាលរងខេត្ត លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ ​ប្រធាន អនុប្រធានមន្ទីរ អាជ្ញាធរ​មូលដ្ឋាន និងមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអញ្ជើញចុះពិនិត្យ ដោះស្រាយទំនាស់ព្រំដីរ៉ាំរ៉ៃរយៈពេល ៩ឆ្នាំមកហើយ រវាងឈ្មោះ ព្រាន និងព្រះចៅអធិការវត្តបេងសុវណ្ណរាម ដែលក្រុមការងារវាស់វែង ចុះបញ្ជីដីជាប្រព័ន្ធ មិនអាចវាស់វែងធ្វើប្លង់កម្មសិទ្ធជូនពួកគាត់បាន។ ជាលទ្ធផលនៃការចុះពិនិត្យ ដោះស្រាយទំនាស់ព្រំដីរ៉ាំរ៉ៃនេះ គឺភាគីទាំងសង្ខាងមានការឯកភាពលើការសម្រុះសម្រួលរបស់ឯកឧត្តមអភិបាលខេត្ត ហើយនៅខណៈពេលនោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំអោយក្រុមការងារវាស់វែង ចុះបញ្ជីដីជាប្រព័ន្ធអនុវត្តការវាស់វែង និងចេញប្លង់កម្មសិទ្ធជូនពួកគាត់ផងដែរ។

        សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក សូ សុខុន ប្រធានមន្ទីររៀបចំដែន ដីនគរូបនីយកម្ម និងសូរិយោដីខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលក្នុងភូមិស្ទឹងកាច់និងភូមិរថក្រោះឆេះនេះ គឺមានរយៈ ពេល១៥ ថ្ងៃ សំរាប់បងប្អូនប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ ទិន្ន័យក្បាលដីរបស់ខ្លួនអោយបានត្រឹមត្រូវ ជៀសវាករណីខុសឈ្មោះ, ខុសទំហីដីជាដើម សំរាប់ជំនាញសុរិយោដីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញ។ លោក សូ សុខុន ក៏បានបញ្ជាក់ផងដែរថា៖ សម្រាប់ការបិទប្រកាសដីធ្លីនៅពេលនេះមាន ២ភូមិ គឺភូមិស្ទឹងកាច់ និងភូមិរថក្រោះឆេះ ដែលភូមិស្ទឹងកាច់មានផ្ទៃដីទំហំ ១១៣.៤៦ហិកតា មានក្បាលដីចំនួន ១៩៥ក្បាលដី។ ភូមិរថក្រោះឆេះមានផ្ទៃដីទំហំ ១៥០.៥៤ហិកតា និងមាន ១២៧ ក្បាលដី។

ដោយ៖ វួច ពឿន

អត្ថបទទាក់ទង