រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិន

  • 520
  • ដោយ poeuninfo

ព្រឹកថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន មានបើកកិច្ចប្រជុំណែ​នាំ ស្តីពីការឃោសនាបោះឆ្នោត និងចាប់​លេខ​រៀង​បេក្ខ​ជនឈរឈ្មោះបោះឆ្នោត​ជ្រើសតាំង​សភាពពាណិជ្ជកម្មខេត្តប៉ៃលិន ដែលិកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។  អញ្ជើញចូលរួមនាឱកាសនោះមានគណប្រតិភូក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃមន្ទីរពាណិជ្ជកម្ម  និងលោក-លោកស្រីបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្ត សរុបជាង៣០រូប។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្រោយពីរាជ រដ្ឋាភិបាលបានបំបែកសភាពាណិជ្ជកម្មខេត្តប៉ៃលិន ចេញពីខេត្តបាត់ដំបង, រដ្ឋបាលខេត្តប៉ៃលិនត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តដោយខ្លួនឯង ក្រោមការផ្ដល់បច្ចេកទេសពីក្រសួងពាណិជ្ជកម្ម ដែលមានមន្ទីរពាណិជ្ជកម្មខេត្តជាសេនាធិការ។ ជាក់ស្តែងនៅពេលនេះរដ្ឋបាលខេត្ត បានរៀបចំបង្កើតគណៈកម្មការរៀបចំការបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត ដើម្បីផ្តល់ឱកាសអោយពាណិជ្ជករ អាជីវករ ឧស្សាហករ បានចូលរួមបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មរបស់ខ្លួន សំរាប់បន្តដឹកនាំការធ្វើពាណិជ្ជកម្មរបស់ខ្លួនអោយមានការរីកចំរើនថ្មីៗបន្ថែមទៀត។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្មបានមានប្រសាសន៍ណែនាំ​ពីនីតិវិធី គោលការណ៍នៃការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិន ដើម្បីអោយការបោះឆ្នោតនេះមានតម្លាភាព និងមានភាពត្រឹមត្រូវ ស្របតាមការណែនាំ​របស់សភាពាណិជ្ជកម្មកម្ពុជា។ ​ឯកឧត្តម​បានមានប្រសាសន៍បន្តថា៖ សភាពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម អោយកាន់តែមានភាពរីកចម្រើន។ ពិសេសបានជួយស្រូបយកវិស័យឯកជន ទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជា ផ្តល់ឱកាសការងារអោយ យុវជនមានការងារធ្វើ ផងដែរ។ ទន្ទឹមនឹងនេះ​ឯកឧត្តមក៏បានស្នើរអោយ​អាជ្ញារធរខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវចូលរួមជាសាក្សី និងកម្លាំងចិត្តដល់បេក្ខជនឈរឈ្មោះទាំងអស់ ជា​ពិសេស​​សមត្ថកិច្ច ជំនាញត្រូវជួយថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ អោយបាន​ល្អ ក្នុងបរិវេណមណ្ឌលបោះឆ្នោត ។​

សូមបញ្ជាក់ថា៖ បើតាមលោក សុខ សាធីម ប្រធានមន្ទីរ​ពាណិជ្ជកម្មខេត្តប៉ៃលិន​បានអោយ​ដឹងថា៖ បេក្ខជនឈរឈ្មោះ​បោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិនទាំងអស់ មានចំនួន ១៧រូប និងមានអ្នកចុះឈ្មោះបោះឆ្នោតចំនួន ២៤៤នាក់។ សម្រាប់ពេលវេលានៃការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តប៉ៃលិន នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ខេត្តចាប់ពីវេលាម៉ោង ៨ ព្រឹក រហូត ដល់ ម៉ោង ៣រសៀល ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង