រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីរសុខាភិបាលខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីមាតុភាពគ្មានគ្រោះថ្នាក់ជូនដល់ក្រុមគ្រូពេទ្យផ្នែកឆ្មបក្នុងខេត្តប៉ៃលិន

  • 746
  • ដោយ poeuninfo

ព្រឹកថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តប៉ៃលិន សហការជាជួយមួយម្ចាស់គំរោង2H បានបើកវគ្គបណ្តុះ​បណ្តាល​ស្តី​ពី​មាតុភាពគ្មានគ្រោះថ្នាក់រយៈពេល២ថ្ងៃ (ពីថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកា)  ​ជូនដល់​ក្រុម​គ្រូពេទ្យផ្នែក​ឆ្មប នៅតាម​មណ្ឌល​សុខ​ភាព និងមន្ទីរពេទ្យបង្អែកក្នុង​ខេត្ត​ប៉ៃ លិន។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោមអធិប​តី​ភាព ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមាន​ការអញ្ជើញចូលរួម ពីសំណាក់ លោក​អនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្ត​ប៉ៃលិន  លោក KEVIN ប្រ​ធាន​គម្រោង២H  ព្រមទាំងលោក-លោកស្រី​ប្រធាន អនុប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យឆ្មប នៅទូទាំងខេត្តប៉ៃលិនសរុបចំនួន៣០នាក់។

        លោក KEVIN ប្រ​ធាន​គម្រោង២H បានមានប្រសាសន៍​ថា៖​ វគ្គបណ្តុះ​បណ្តាល​ស្តី​ពី​មាតុភាពគ្មានគ្រោះថ្នាក់នេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាព ចំនេះដឹង​បន្ថែមទៀតជូន​ដល់​ក្រុមគ្រូពេ​ទ្យ​ផ្នែកឆ្មប ក្នុងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់មាតា និងទារក អោយបានកាន់តែមានកំរិតទាប។ លោកបានបន្តថា៖ គម្រោង២H ចាប់ផ្តើមប្រតិប័ត្តការនៅក្នុងប្រទេសកម្ពុជាអស់រយៈ២០ឆ្នាំមក​ហើយ​ ក្នុងការចូលរួម​បណ្តុះបណ្តាលពេទ្យឆ្មប ដែលមកដល់ពេលនេះ បានបណ្តុះបណ្តាលពេទ្យឆ្មបសរុបចំនួន៤០០០នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសំរាប់ខេត្តប៉ៃលិន ទើបជាលើកទី១ ប៉ុណ្ណោះដែលគំរោង2H បានធ្វើការបើកវគ្គបណ្តុះបណ្តាលជំនាញនេះ។

        ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ វគ្គ​បណ្តុះបណ្តាលនាពេលនេះពិត​ជាមាន​សារៈ​សំខាន់ណាស់ដល់ក្រុមគ្រូពេទ្យជំនាញឆ្មបរបស់យើងទាំងអស់ ដើម្បីពង្រឹងនូវសមត្ថភាព គុណភាពការងាររបស់ខ្លួន ក្នុងការពិនិត្យ ការ សង្គ្រោះដល់មាតា និងទារក  ព្រោះថាបញ្ហាសុខភាពមាតា និងទារក នៅតែជាបញ្ហាមួយដែលរាជ​រដ្ឋាភិ​បាល​យកចិត្តទុកដាក់ខ្ពស់ និងចាត់បញ្ជូលទៅក្នុងកិច្ចការជាអាទិភាពមួយក្នុងចំណោមកិច្ចការជាអាទិភាពនានា សម្រាប់រាជរដ្ឋាភិបាល​នីតិកាលទី០៦នៃ​រដ្ឋសភា។ឯកឧត្តមបានមានប្រសាសន៍បន្តថា៖  ​រាជរដ្ឋា​ភិ​បាលកំពុងមានការយកចិត្តទុកដាក់ជម្រុញការអនុវត្តនូវផែនការកាត់បន្ថយ អត្រា​មរណភាពរបស់មាតា អោយនៅត្រឹម១៤០ ក្នុងចំណោម១០០,០០០ កំណើតរស់ និងអត្រាមរណភាព​ទារក​ត្រឹម​១៤នាក់ ក្នុងចំណោម១០០០កូនកើតរស់ នាឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តមបានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកឆ្មបក្នុងខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ អំពីជំនាញ​របស់ខ្លួនអោយបានច្បាស់លាស់ សំរាប់យកទៅអនុវត្តជាក់ស្តែងអោយ​ទទួល​បានជោគជ័យ ក្នុងការទប់ស្កាត់ការគ្រោះថ្នាក់របស់មាតា និងទារក។ ជាមួយគ្នា​នេះ ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវសីលធម៌ ភាពសេចក្តីថ្លៃថ្នូ មានទំនាក់ទំនងល្អ ជាមួយបងប្អូន​ប្រជាពលរដ្ឋ ដើម្បីព្យាបាលជំងឺរបស់ពួកគាត់អោយបានល្អ ទាន់ពេលវេលា។ ទន្ទឹមនឹង​នេះឯកឧត្តម ជំរុញដល់មន្ទីរសុខាភិបាល​ខេត្តត្រូវខិតខំធ្វើយ៉ាង​បន្តសហការជាមួយ​គម្រោង​2H អោយបានជាប់ជាប្រចាំ ដើម្បីគុណប្រយោជន៍​ដល់ខេត្តប៉ៃលិន​យើង ក្នុងការផ្តល់នូវចំនេះដឹងជំនាញ ផ្នែកឆ្មប សំរាប់យកទៅបំរើដល់បង​ប្អូនប្រជាពលរ​ដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង