រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ ៩ វិច្ឆិកា ២០១៩ និង ទិវាខួបកំណើតកងយោពលខេមរភូមិន្ទឆ្នាំ២០១៩

  • 807
  • ដោយ poeuninfo

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅបរិវេណវិមានឯករាជ្យ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៦៦ ( ៩វិច្ឆិកា ១៩៥៣,៩វិច្ឆិកា២០១៩ )និងទិវាខួប​កំណើត​កង​យោពលខេមរភូមិន្ទឆ្នាំ២០១៩ ដែលប្រទេសកម្ពុជាយើង ទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង ។ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០១៩នេះ ប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម   សេនី​យ៍ អ៊ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន ​ ព្រមទាំងមានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

        ​ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណះអភិបាលខេត្តប៉ៃលិនបានអាន​នូវជីវប្រវត្តិ​​​​​សង្ខេបព្រះ​រាជ​​បូជ​នីយ​កិច្ចរបស់ព្រះ​​មហាវីរះ​ក្សត្រ ព្រះ​បាទ​​​​​សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ ព្រះបិតាឯករាជ្យ​ជាតិ​ខ្មែរ ​ដែលព្រះអង្គបា​នទាមទារ​ឯក​រាជ​ពីអាណា​និគមនិយម​បារាំង​សេស បាន​ទាំង​ស្រុង​ជូនជាតិ​មាតុ​ភូមិ​ នា​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ។ ឯកឧត្តបន្តថា ៖  ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួប​កំណើត​កង​យោពលខេមរភូមិន្ទដែលយើងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ទិវានេះធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសុខ សន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តម ចេង ញ៉ាន់ បានសំដែងនូវការដឹងគុណចំពោះ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានទាមទាឯករាជ្យជូនជាតិមាតុភូមិរហូតដល់សព្វថ្ងៃនេះ និងសូមគោរពដឹងគុណចំពោះបងប្អូនយុទ្ធជន យុទ្ធនារីទាំងអស់ដែលបានបូជាទាំងកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហារបស់យើង។ ​ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ចាក់ផងដែរថា៖ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៥ និង ឆ្នាំ ១៩៩៦ តាម   រយៈនយោបាយនេះ បានធ្វើឱ្យរលំរលាយទាំងស្រុងនូវ អង្គការចាត់ តាំងនយោបាយរបស់កម្លាំងខ្មែរក្រហម ដែលក្នុងនោះខេត្តប៉ៃលិនយើង ក៏ត្រូវបាន ប្រវត្តិសាស្ត្រកត់ត្រាថាជាចំណុចផ្តើមនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងនាំមកនូវសន្តិភាពជូនប្រទេសជាតិទាំងមូលដល់សព្វថ្ងៃនេះ។

        ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ថ្ងៃ​នេះ​​​​​គឺជាថ្ងៃមោទនភាពរបស់ប្រជាជាតិខ្មែរយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែល​យើង​ទាំង​អស់គ្នា​បាន​រួមចិត្តរួមថ្លើមប្រារព្ឋខួបអនុស្សាវរីយ៏លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើត​នៃ​កងយោធ​ពល​​​ខេមភូមិមិន្ទឆ្នាំ២០១៩ផងដែរ។ ឯកឧត្តមថ្លែងបន្តថា៖​ សំរាប់ខេត្តប៉ៃលិនមានមោទនភាព​ចំពោះស្មា​រ​តី​​​មហាសាមគ្គី ដែលយើងទាំងអស់គ្នាបានរួមគ្នា កសាងវិមាន​ឯក​រាជ្យជាតិ ដែលបានផុសចេញឡើងមកនេះ ដោយ​​សារ​តែ​ឆន្ទះ នៃស្មារតីមហាសាមគ្គី​របស់ប្រជាជន​ខេត្តប៉ៃលិន​យើង។ ដូច្នេះយើងជួបជុំគ្នាពេលនេះ​ចំពោះ​មុខវិមាន​ឯក​រាជ្យ​ តំណាង​អោយឯករាជ្យជាតិខ្មែរជាស្នាមព្រះហស្ថដ៏មហាថ្លៃថ្លារបស់ព្រះមហាវីរះក្សត្រ ព្រះ​បាទ​​​​​សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះបរមរតនកោដ ព្រះបិតាឯករាជជាតិខ្មែរ គឺដើម្បីបង្ហាញពីទឹកចិត្តដឹងគុណ ភក្តីភាព និង​ការប្តេជា្ញ​ចិត្តការពារដាច់ខាតនូវរបបរាជានិយម។ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយ ចំពោះគុណូបការះ​ដ៏​មហា​ធំធេងរបស់​ព្រះមហាវីរះក្សត្រព្រះបាទ  សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ​ជាទីគោរពជាទីស​ការះនៃ​យើង ជាពិសេសយើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាដើម្បីថែរក្សាសុខសន្តិភាពអោយបានយូអង្វែង ព្រមទាំងរួមគ្នាទប់ស្កាត់នូវឧបាយកលរបស់ជនក្បត់ជាតិដែលចង់ផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

        ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានដាក់ក្រោនកម្រងផ្កា ដុតទៀនជ័យ និងបានធ្វើការបង្ហោះប៉េងប៉ោងដែលជានិមិត្តរូបនៃការទទួល​បានឯក​រាជ្យជាតិយើងផងដែរ។

         ក្នុងព្រឹកថ្ងៃដដែលនោះដែរ រដ្ឋបាលខេត្តប៉ៃលិនក៏បានរៀបចំពិធីពិសាអំបុកសាមគ្គី ការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» នៅសាលាខេត្តប៉ៃលិន ដែលមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងដោយទឹកមុខញញឹមស្រស់ថ្លាសប្បាយរីករាយគ្រប់ៗគ្នាផងដែរ។

អត្ថបទទាក់ទង