រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនអញ្ជើញសំណេះសំណាលនិងប្រគល់ស្រះទឹកទំហំបណ្តាយ២៣ម៉ែត្រ និងទទឹង១៧ម៉ែត្រជូនដល់ពន្ធនាគារខេត្តសម្រាប់ប្រើប្រាស់

  • 484
  • ដោយ poeuninfo

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើ​រ​ឯកឧត្តម ធូ ភា អភិបាលរងខេត្ត ឯកឧត្តម ឃ្លោ នួយ អភិបាលរងខេត្ត និង លោក​លោកស្រី​ប្រធាន អនុប្រធានមន្ទីរ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់​ស្រះ​ទឹក​​ទំហំ​បណ្តាយ២៣ម៉ែត្រ និងទទឹង១៧ម៉ែត្រជូនដល់ពន្ធនាគារ​ខេត្តក្នុងការ​ ​ប្រើប្រាស់​ប្រកប​ដោយអនាម័យ សុខភាពល្អ ស្ថិតនៅភូមិភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមាន​ប្រសាសន៍ថា៖ការផ្តល់ស្រះ​ទឹកនៅពេលនេះដើម្បីអោយមន្រ្តីពន្ធនាគារ និងអ្នកទោសសម្រាប់ប្រើប្រាស់ ទៅតាម តំរូវការ សំដៅថែរក្សា ការពារសុខភាពអោយបានល្អ មានអនាម័យ និងជា​ពិសេស សម្រួលដល់មន្រ្តីពន្ធនាគារបានប្រើប្រាស់ ផងដែរ។ឯកឧត្តមបន្តថា៖ ថ្នាក់ដឹកនាំពន្ធនាគារ ត្រូវបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែមទៀតទៅលើសន្តិសុខ សណ្តាប់ធ្នាប់ខាងក្នុងមណ្ឌល​អប់រំកែប្រែមួយនេះ ដើម្បីកុំឱ្យមានថ្លោះធ្លោយដោយប្រការណាមួយ ជាហេតុធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយគ្រប់វិនាទីត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច តាមដានគ្រប់សកម្មភាព ទាំងនៅក្នុងមន្ទីរឃុំឃាំង និងនៅខាងក្រៅ​។​ចំពោះមន្រ្តីអនុរក្សមានក្រមសីលធម៌ល្អ ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ គឺត្រូវរៀបចំ ឬស្នើសុំដំឡើងឋានៈ បំពេញរច​នាសម្ព័ន្ធ ព្រមទាំងពិនិត្យ និងរៀបចំកាំប្រាក់បៀវត្សមន្រ្តីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្តក៍បានផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ នៅពេលចាកចេញពីពន្ធនាគារវិញ ត្រូវមានស្មារតីភ្ញាក់រលឹកចេះកែខ្លួន ឈប់ប្រព្រឹត្តនូវអំពើខុសឆ្គងដូចកាលកន្លងទៅ ព្រោះថាបើយើងធ្វើខុស យើងនឹងទទួលទោស ទទួលកម្មពារដែលយើងបានសាង មិនអាចគេចផុតឡើយទាំងបច្ចុប្បន្នជាតិ និងអនាគត់ជាតិ»។ 

បើតាមការបញ្ជាក់របស់លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ននៅក្នុងពន្ធនាគារខេត្តប៉ៃលិន មានអ្នកជាប់ឃុំសរុបចំនួន ៣៣៨នាក់ ស្រី២៨នាក់ ក្នុងនោះជនត្រូវចោទ ៦៨នាក់ ស្រី ០៦នាក់ ជនជាប់ចោទ ១៩នាក់ ស្រី ០១នាក់ ពិរុទ្ធជន ៨៨នាក់ ស្រី ០៥នាក់ ទណ្ឌិត ១៦៣នាក់ ស្រី១៦នាក់ ជនបរទេស ០៧នាក់  អនីតិជន ១២នាក់ និងកូនតាមម្តាយ ០២នាក់៕

អត្ថបទទាក់ទង