រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន ចាន់ធុល អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន

  • 565
  • ដោយ poeuninfo

ព្រឹកថ្ងៃ ព្រហស្បតិ៍ ៤កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន ចាន់ធុល អភិបាល​ខេត្តប៉ៃលិនបាន អញ្ជើញជាគណធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន។ ពិធីនេះដែរ ក៍មានចូលរួមពីសំណាក់លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកអភិបាលក្រុង កងកំលាំងប្រដាប់អាវុធ ចៅសង្កាត់ លោកនាយក នាយរង លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានបញ្ជាក់ថា៖ ​ក្នុង ​ឆ្នាំ​សិក្សា២០១៨-២០១៩ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋម​ភូមិស្មើនឹង៨៧,៥៥%។ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្មើរនឹង៥៨,៩០% និងសិស្សឆ្លងភូមិសិក្សាពីបឋមសិក្សាទៅធម្យមសិក្សាបឋមភូមិ ស្មើរនឹង៩០,៤៥%។ អនុវត្តន៍តាមកម្មវិធីសិក្សាសម្រេចបាន៩៧%។ លោកបានបន្តថា៖ សំរាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០ នេះ គ្រឹះ​ស្ថានសិក្សានៅទូទាំងខេត្តប៉ៃលិន មាន​៖ ១/ មធ្យមសិក្សា​ចំនួន ០៩​កន្លែង ក្នុងនោះវិទ្យាល័យចំនួន០២កន្លែង និងអនុវិទ្យាល័យចំនួ​ន០៧កន្លែង , មានសិស្ស​សរុប​៤៩៦៣នា​ក់ ស្រី ២៦៥៦នាក់។ ២/ មត្តេយ្យ​សិក្សា​ចំនួន ២៥សាលា មានសិស្ស​សរុប១០៦១នាក់ ស្រី៥៤៥នាក់។ ៣/ មត្តេយ្យសហគមន៍​ចំនួន ១១កន្លែង មាន​សិស្ស​​​សរុប២៦៦នាក់ ស្រី១៣៦នាក់។ ៤/មត្តេយ្យសិក្សា​ឯកជនមាន​ចំនួន ០៩​សាលា ដែលមានសិស្សសរុប ៧១៨នាក់ ស្រី ៣៣៥នាក់។ ៥/បឋមសិក្សាឯក​ជនមាន​ចំនួន​ ១២​សាលា​ដែលមានសិស្សសរុប ២២៤៩នាក់ ស្រី១០៩៤នាក់។ សិស្សមត្តេយ្យចូលថ្មី​ចំនួន​ ៦១២នាក់ ស្រី៣១៧នាក់ និងសិស្សថ្មីគ្រប់អាយុ ០៦ឆ្នាំ ចុះឈ្មោះចូលរៀន​ចំនួន ​៩៦០នាក់, ស្រី៤៥០នាក់។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានប្រសាសន៍ថា៖  រាជរដ្ឋាភិបាល​កម្ពុជាក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ដោយបានកសាងសាលារៀននៅ​​គ្រប់ កំរិត ចាប់ពីទីប្រជុំជន រហូតដល់មូលដ្ឋានជនបទ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព សំរាប់បន្តវេនពីមនុស្សចាស់ ក្នុងការជំរុញការកសាង អភិវឌ្ឍប្រ​ទេសអោយបានរីកចំរើនបន្តទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹងសមត្ថភាព បច្ចេកទេសរបស់ខ្លួន ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដល់សិស្សានុសិស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងគោលនយោបាយ​កែ​ទម្រង់ស៊ីជំរៅលើវិស័យអប់រំ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមក៍បានដាស់តឿនដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះស្រសាញ់ ផ្តល់តម្លៃអោយខ្លួនឯង ស្រលាញ់ឪពុកម្តាយ និងសង្គមជាតិរបស់ខ្លួន ដោយត្រូវជៀសអោយឆ្ងាយពីគ្រឿង​ញៀន គោរពច្បាប់ចរាចរណ៏ ជៀសវាងនូវអំពើពាលាផ្សេងៗ ពិសេសត្រូវខិតខំសិក្សារៀនសូត្រ យកចំណាត់ថ្នាក់ល្អគ្រប់ៗគ្នា។ មាតាបិតា អាណាព្យាបាលទាំងឡាយ ក៏ដូចជា សហគមន៏ អាជ្ញាធរដែនដី ត្រូវតាមដានជំរុញការរៀនសូត្ររបស់កូនចៅ ដោយកុំសំអាងតែលោកគ្រូ អ្នកគ្រូនៅឯសាសា។

     ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន បានជូនរង្វាន់ដល់សិស្ស​ ទទួលជ័យ​លាភី​ ថ្នាក់ជាតិមួយរួប ឈ្មោះ ហេង សូនីតា ដោយទទួល​បានពានមួយ ប័ណ្ណសសើរ​មួយ ថវិកា២០ម៉ឺនរៀល សៀវភៅ២០ក្បាល និងប៊ិច ២០ដើម។​ ដោយឡែក លោកគ្រូ អ្នកគ្រូចំនួន ១២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងសារុង១,  សិស្សានុសិស្សចំនួន២០២១នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅ១ក្បាល និងប៊ិកច ១ដើម៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង