រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

គម្រោង (AIMS) បើកវេទិកាពហុភាគីអ្នកពាក់ព័ន្ធស្តីពី ការចែករំលែកចំណេះជំនាញ បទពិសោធន៍លើខ្សែរសង្វាក់តម្លៃមាន់ស្រែ ដល់កសិករគោលដៅ

  • 602
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អម​ដំណើរ​ដោយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញបើកវេទិកា​ពហុភាគី​អ្នកពាក់ព័ន្ធស្តីពី ការចែករំលែកចំណេះជំនាញ បទពិសោធន៍លើខ្សែរសង្វាក់តម្លៃមាន់ស្រែ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បី​ជំរុញ​ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម ដូចជា​បន្លែ សាច់​មាន់ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ដែល​បច្ចុប្បន្ន​គ្រប​ដណ្ដប់​ដោយ​ផលិតផល​នាំ​ចូល​ពី​ក្រៅ​បរទេស។

លោក ឈឿន ឈិន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្រសួង​ពាណិជ្ជកម្ម​បានចាប់ផ្តើម គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ​នេះ​ ដោយ​មាន​តម្លៃ ៦១​លាន​ដុល្លារ​សហរដ្ឋអាមេរិក អនុវត្ត​រយៈពេល ៦​ឆ្នាំ ពី​ឆ្នាំ​២០១៧ ដល់​​ឆ្នាំ​២០២២ ហើយ​គ្រួសារ​ចំនួន ៧,៥​ម៉ឺន​គ្រួសារ​ទូទាំង​ប្រទេស នឹង​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​នេះ ហើយប្រភព​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​ បាន​មក​ពី​ប្រាក់​កម្ចី​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម (IFAD) និង​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​ពាក់ព័ន្ធ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នប្រាក់​ចំណូល​សរុប​របស់​ប្រជាជន​កម្ពុជា ក៍ដូចជាខេត្តប៉ៃលិន ដែល​ទទួល​បាន​ពី​វិស័យ​កសិកម្ម​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ គឺ​ប្រហែល ១៦​ភាគរយ ខណៈ​ចំណូល​ពី​ប្រាក់​ឈ្នួល និង​ប្រាក់​បៀវត្សរ៍​មាន​ប្រហែល​ជិត ៤៥​ភាគរយ ហើយប្រជាជន​ប្រហែល ៧៩​ភាគរយ កំពុង​រស់​នៅ​ទី​ជនបទ និង​មាន​ប្រភព​ប្រាក់​ចំណូល​ពី​វិស័យ​កសិកម្ម ហើយ​ភាគ​ច្រើន​ជា​គ្រួសារ​ទី​ទាល់ក្រ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ តាមរយៈគម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នឹង​ជំរុញ​លើ​ផលិតផល​កសិកម្ម​ចំនួន​៥ ដូចជា​ស្រូវ​ក្រអូប បន្លែ មាន់​ស្រែ ដំឡូង​មី និង​សរសៃ​សូត្រ ដោយផ្ដល់​បច្ចេកទេស​ដើម្បី​ផលិត​ផល​កសិកម្ម មាន​គុណភាព​ស្តង់ដារ និង​ផ្គត់ផ្គង់​ទៀង​ពេល​វេលា​តាម​តម្រូវ​ការ​ទីផ្សារ ផ្ដល់​ទុន​សម្រាប់​ផលិត នឹង​ស្វែង​រក​ទីផ្សារ​លក់​ផលិតផល​ដែល​ផលិត​បាន​ជូន​កសិករ​ខ្នាត​តូច​ក្រីក្រ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖ ចំណេះដឹងដែលក្រុមការងារ គម្រោង (AIMS) នៃក្រសួងពាណិជ្ជកម្ម បានសម្រប​សម្រួល​អញ្ជើញអ្នកមានចំណេះដឹង ជំនាញ និងបទពិសោធន៍ច្រើន យកមកចែករំលែកនៅថ្ងៃនេះ និងធ្វើឱ្យមន្ត្រីជំនាញនៅមូលដ្ឋានខេត្តប៉ៃលិន យើង និងមន្ត្រីពាក់ព័ន្ធ ម្ចាស់សហគ្រាស ពាណិជ្ជករ សិប្បករ សហគមន៍ មានគំនិតច្នៃប្រឌិតកាត់តែទូលំទូលាយ ដើម្បីបង្កើន​គុណភាព​អាជីវកម្មកាន់តែប្រសើរឡើង ហើយឯកឧត្តមក៍បានចែកជូនសៀវភៅ​បច្ចេកទេសការ​ចិញ្ចើមសត្វដល់កសិករម្នាក់១ក្បាលផងដែរ។

        សូមបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៨មក គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានអនុវត្តន៍កិច្ចសន្យាចំនួន ៩ នៅខេត្តប៉ៃលិន លើ ៥ភូមិ ២ឃុំ ក្នុងតំបន់គោលដៅ កសិករផលិតចំនួន ២៩នាក់ ស្រី ១៨នាក់ ក្នុងនោះមាន៖ ១-មាន់សាច់បានលក់ ចំនួន ២៦៩១ក្បាល គិតទឹកប្រាក់ចំនួន ៥៧ ៧២១ ៥០០រៀល ២-កូនមាន់បានលក់ ចំនួន ១៥០០ក្បាល គិតទឹកប្រាក់ ចំនួន ៧ ៥០០ ០០០រៀល និង៣-ពងមាន់បានលក់ ចំនួន ៨៧០០គ្រាប់ គិតទឹកប្រាក់ ចំនួន ១១ ៣១០ ០០០រៀល សរុបទឹកប្រាក់ទាំងអស់ចំនួន ៧៦ ៥៣១ ៥០០រៀល ស្មើនឹង ១៩ ១៣២,៨៧ដុល្លាសហរដ្ឋអាមេរីក។

អត្ថបទទាក់ទង