រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

បទយកការណ៍ស្តីពីការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ

  • 1.3ពាន់
  • ដោយ poeuninfo

ប្រជាពលរដ្ឋកម្ពុជានិយមចូលចិត្តបរិភោគសាច់មាន់ ពិសេសមាន់ស្រែ ឬមាន់​ដែល​ចិញ្ចឹម​ជាលក្ខណៈគ្រួសារ ដែលព្រលែងអោយស៊ីចំណីធម្មជាតិក្បែរៗលំនៅដ្ឋាន។ ការចិញ្ចឹម​មាន់របស់ប្រជាពលរដ្ឋខ្មែរក៏មានសណ្ឋានខុសៗគ្នា ដោយអ្នកខ្លះចិញ្ចឹមតាមបែបទំនើប មានបច្ចេកទេសខ្ពស់ មានចំនួនមានរាប់ពាន់ រាប់ម៉ឺនក្បាលនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ សំរាប់យកស៊ុត ឬយកសាច់បរិភោគ ដែលប្រជាពលរដ្ឋនិយមហៅមាន់ប្រភេទនេះថា ” មាន់កសិកម្ម”។ អ្នកខ្លះទៀតចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយ​ធ្វើជាទ្រុងមាន់​មានលក្ខណៈ​បច្ចេកទេសគួសម មានព័ទ្ធរបង និងព្រលែងមាន់អោយស៊ីចំណី និងរត់លេងនៅក្នុង​របង​នោះ។ ចំណីមាន់ក៏មានការផលិតឡើងតាមលក្ខណៈបច្ចេកទេស និងមានការមើលថែទាំ ព្យាបាលជំងឺដោយយកចិត្តទុកដាក់ពីកសិករផងដែរ។ ការចិញ្ចឹមមាន់របៀបនេះ អាចមាន​ចំនួនមាន់ពីរាប់សិបក្បាល ទៅដល់រាប់រយក្បាលផងដែរ។ អ្នកខ្លះទៀត ក៏ចិញ្ចឹមមាន់ពី១០ទៅ២០ក្បាល ព្រលែងអោយស៊ីចំណីពាសវាល ពាសកាលតាមស្រែ តាមព្រៃក្បែរៗផ្ទះ សំរាប់ធ្វើម្ហូបអាហារនៅក្នុងគ្រួសារ។

បងប្រុស មាស ចន្នី អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រកបរបរចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារនេះរយៈពេលពីរឆ្នាំមកហើយ ដែលមានមាន់ចំនួនជាង២០០ក្បាល។ ដោយមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន និងសហគមន៍អឺរ៉ុប បងប្រុសបានកសាងទ្រុងមាន់មួយដែលមានទំហំ៤ម៉ែត្រ  x ៦ម៉ែត្រ មានខ័ណ្ឌដោយឡែកពីគ្នារវាងមេមាន់ កូនមាន់ មាន់ជំទង់ សំបុកមាន់ និងទូសំរាប់ភ្ញាស់ពងមាន់ចំនួន៣ផងដែរ។នៅខាងក្រៅទ្រុងមាន់នេះ ក៏មានព័ទ្ធរបងលួសសំណាញ់ដែលមានផ្ទៃដីប្រហែល៤០ម៉ែត្របួនជ្រុង មានស្រះទឹកតូចមួយ សំរាប់អោយមាន់ចេញមករកស៊ីចំណី និងផឹងទឹកនៅខាងក្នុងរបងលួសនេះ។ ចំណីមាន់ដែលមកប្រុសយកមកអោយមាន់ស៊ីរាល់ថ្ងៃនេះ គឺបងប្រុសជាអ្នកផ្សំដោយខ្លួនឯង ក្នុងនោះមានស្មៅឃីងក្រាស់ កន្ទក់ ស្រូវ ពោតជាដើម។ ចំពោះការមើលថែទាំ ព្យាបាលជំងឺវិញ ក្រៅអំពីចាក់វ៉ាក់សាំងការពារជំងឺចំពោះកូនមាន់ គាត់ក៏ត្រូវបាញ់ថ្នាំជីវសុវត្ថភាពនៅក្នុងទ្រុងមាន់ផងដែរ។

បងប្រុសមាស ចន្នីក៏បានបន្ថែមថា កំរៃដែលបានពីការចិញ្ចឹមមាន់របស់គាត់នោះ គឺភាគច្រើនបានពីការលក់កូនមាន់ទៅអោយប្រជាកសិករផ្សេងទៀតយកទៅចិញ្ចឹម ដោយក្នុងកូនមាន់មួយអាចបានតម្លៃ៥០០០រៀល ហើយក្នុងមួយឆ្នាំគាត់អាចលក់កូនមាន់អស់ចំនួនជាង៣០០ក្បាល៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង