រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើបទបង្ហាញស្តីពីយុទ្ធសាស្រ្ត និងវិធីសាស្រ្តទាក់ទាញ យុវជនអោយចូលរួមក្នុងសកម្មភាពសង្គម

  • 744
  • ដោយ poeuninfo

ព្រឹកថ្ងៃ អាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩  សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើបទបង្ហាញ​ស្តី​ពី​យុទ្ធសាស្រ្ត និងវិធីសាស្រ្ត​ទាក់ទាញ​យុវជនតាមរយៈការរៀបចំកម្មវិធី ជូនដល់​សមា​ជិក​​សមាជិការ​សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធីបតីភាព ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈ​កម្មាធិការកណ្តាលសហភាព​សហព័ន្ធ​យុវជនកម្ពុជា និងឯកឧត្តម ហុក សុផល ប្រធានស្តីទីសហភាពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម​ពីសំណាក់លោក-លោក​ស្រីជាសមាជិក ​សមាជិការ សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តប៉ៃលិន ថ្នាក់មន្ទីរវិស័យ រដ្ឋបាលក្រុង ស្រុក ឃុំ/សង្កាត់ផងដែរ។

ឯកឧត្តម ហុក សុផល ប្រធានស្តីទីសហភាពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះក្រុមការងារសហភាពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន បានរៀបចំរចនាសម្ព័ន្ធចាត់តាំងពីថ្នាក់ខេត្ត- ក្រុង- ស្រុក- ឃុំ/សង្កាត់-​ភូមិ​ និង​មន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន១,៥៣៩ នាក់ ស្រី៤៤៤ នាក់ និងសមាជិក​សមា​ជិការគាំទ្រនៅមូលដ្ឋានសរុបចំនួន១០,៩៧០នាក់ ស្រ្តី៥,៣៨៥នាក់។ ឯកឧត្តមបន្តថា៖ ​ក្រៅ​ពីរចនា​សម្ព័ន្ធចាត់តាំង សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តប៉ៃលិន​ដែលមាន ០៩ក្រុម​សំខាន់នោះ, យើង​បានចូលរួមអនុវត្តផែនការគ្រប់សកម្មភាពរបស់ខ្លួន គាំទ្រ​យុទ្ធ​សាស្រ្ត​​​ចតុ​កោណរបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៨ ក្នុងការចូលរួមថែរក្សាការពារ សុខ​​សន្តិ​ភាព ស្ថេរ​ភាព ភាពសុខដុមនីយកម្ម និង ការកសាង អភិវឌ្ឍន៍សង្គមជាតិ​សម្រាប់​ទុកជូន​យុវជនជំនាន់ក្រោយ។

ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈ​កម្មាធិការកណ្តាល សហភាព​សហព័ន្ធ​យុវជនកម្ពុជាបានមានប្រសាសន៍ថា៖​ ការធ្វើបទបង្ហាញស្តីពីយុទ្ធ​សា​ស្រ្ត និងវិធីសាស្រ្ត​ទាក់ទាញ​យុវជនតាមរយៈការរៀបចំកម្មវិធី នៅពេលនេះ ដើម្បី​អោយ​​សមាជិកសមាជិការសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តប៉ៃលិនបាន​យល់ដឹងកាន់​តែច្បាស់​ពីសារៈសំខាន់នៃការទាក់​ទាញអោយ​យុវជនគ្រប់​ស្រទាបវណ្ណៈ​ក្នុងការចូលរួម​គ្រប់សកម្មភាពសង្គម និង បង្កើតទំនាក់ទំនងជាមួយអ្នកដ៍ទៃដែលយើងមិនធ្លាប់ស្គាល់ គឺផ្តល់សារទៅ​កាន់យុវជនអោយចំគោលដៅនូវចំនេះដឹង ចំនេះធ្វើ ដើម្បីចែករំលែកបទ​ពិសោធន៍​គ្នាទៅវិញទៅមក សំរាប់យកទៅអនុវត្ត​ជាក់ស្តែងទទួលបាន​ជោគជ័យ និងមានប្រសិទ្ធិភាព ក្នុងការបន្តវេណន្តអភិវឌ្ឍន៍សង្គមជាតិ ប្រទេស​ជាតិនៅពេលអនាគត់។ ឯកឧត្តមលើកឡើងថា៖ សហភាព​សហព័ន្ធ​យុវជនកម្ពុជា ក្រោមការដឹកនាំដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានបាន ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅ​​ប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដែលជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។ យុវជនគឺជា តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម។ យុវជនមានទំនាក់ទំនង និងសហការល្អជាមួយអង្គការ សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជន សំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារកម្ពុជា។ ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ។ ដូច្នេះ សមាជិក សមាជិការទាំងអស់ត្រូវគាំទ្រអនុវត្ត និងត្រូវចេះ ច្នៃប្រឌិត ចំណេះ និងជំនាញប្រចាំថ្ងៃរបស់ខ្លួន ក្នុងការចែករំលែកបទពិសោធន៍ដែលអាចជួយបំពេញគ្នាទៅវិញ ទៅមក ក្នុងការពង្រឹងសមត្ថភាពសមាជិក សមាជិកា ស.ស.យ.ក. ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធិភាព ដើម្បីអនុវត្តការងាររបស់ខ្លួនទទួលបានជោគជ័យ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង