រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោក ហ៊ត ឬទ្ធី ត្រូវបានតែងតាំងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនថ្មី ជំនួសលោក ពេជ្រ សំបូរ ដែលត្រូវចូលនិវត្តន៍

  • 384
  • ដោយ poeuninfo

ព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បណ្តាមន្ទីរ ស្ថាប័នជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ។

បន្ទាប់ពីទទួលសេចក្តីប្រកាស និងត្រាអង្គភាពពីគណៈអធិបតីរួចមក លោក ហ៊ត ឬទ្ធី ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាចិត្តនឹងខិតខំដោះស្រាយឲ្យបាននូវរាល់បញ្ហាប្រឈមនានា ដូចជា បញ្ហាផ្លូវជនបទ បញ្ហាទឹកស្អាត និងបញ្ហាអនាម័យ ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅទូទាំងខេត្តប៉ៃលិន និងសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្ដែងការគាំទ្រចំពោះការសម្រេចចិត្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានតែងតាំង ហ៊ត ឬទ្ធី ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនថ្មី ដើម្បីបន្តដឹកនាំអង្គភាព បំពេញភារកិច្ចបម្រើជាតិ និងប្រជាជន និងចូលរួមជំរុញការអភិវឌ្ឍខេត្តប៉ៃលិនអោយរីកចំរើនបន្តទៀត។ ឯកឧត្តមអភិបាលខេត្តបានសង្ឃឹមយ៉ាងមុតមាំថា៖ លោកប្រធានដែលចូលកាន់តំណែងថ្មី នឹងខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ក្នុងមុខតំណែងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើអោយមានសុខដុមនីយកម្មក្នុងអង្គភាព ត្រូវយកចិត្តទុកដាក់បង្ករអោយបាននូវសាមគ្គីភាពផ្ទៃក្នុង ឯកភាពផ្ទៃក្នុង ដោយត្រូវយកចិត្តទុកដាក់គោលការប្រជាធិបតេយ្យធ្វើជាត្រីវិស័យក្នុងការដឹកនាំ គឺគោលការណ៍សមូហភាពដឹកនាំ និងមានទទួលការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក សង្កាត់ ឃុំ បន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនទៅតាមបេសកកម្មដ៏ពិសិដ្ឋរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យទទួលបានជោគជ័យថ្មីៗ និង ចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រជាពលរដ្ឋនៅទីជនបទទូទាំងខេត្តប៉ៃលិនអោយមានការចម្រើនជាបន្តទៀត។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា៖ ការប្រកាសតែងតាំងលោក ហ៊ត ឬទ្ធី ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនថ្មីនាពេលនេះ គឺដើម្បីធ្វើយ៉ាងណាដឹកនាំអង្គភាព និងអភិវឌ្ឍន៍វិស័យអភិវឌ្ឍន៍ជនបទនៅតាមមូលដ្ឋាននៅទូទាំងខេត្តប៉ៃលិន ប្រកបដោយប្រសិទ្ធភាព និងមានភាពរីកចម្រើនជាបន្តទៀត។ ដូច្នេះប្រធានមន្ទីរថ្មី ត្រូវខិតខំធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងជំហរសតិអារម្មណ៍របស់មន្ត្រីរាជការក្រោមឱវាទអោយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសាមគ្គីភាពផ្ទៃក្នុងអង្គភាពការងារជាសំខាន់។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះរាជរដ្ឋភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍នូវតាមតំបន់ជនបទរួមមាន៖ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គីសនី និងផ្តល់ទឹកស្អាត់ប្រើប្រាស់ជាដើម។ ការផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទប្រើប្រាស់នោះ មិនសំដៅទៅលើតែទឹកម៉ាស៊ីននោះទេ គឺទឹកអណ្តូង ស្រះ ដែលមានការរៀបចំអោយបានត្រឹមត្រូវក៏ជាទឹកស្អាតដែលអាចអោយប្រជាពលរដ្ឋប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងគុណភាព ដែលនេះគឺភារៈកិច្ច និងតួនាទីដឹកនាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលត្រូវមានតួនាទីសំខាន់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដឹកនាំអភិវឌ្ឍន៍អោយសមស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍន៍ខេត្ត-ក្រុងរបស់យើងអោយមានការរីកចម្រើនជាលំដាប់៕  ពិនិត្យ និងកែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង