រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

កម្ពុជា-ថៃ បើកព្រឹត្តការណ៍ជិះកង់ឆ្លងព្រំដែនប្រទេសទាំងពីរ ដែលមានកីឡាករ កីឡាការិនី ប្រមាណជិត ២០០០នាក់បានចូលរួម

  • 648
  • ដោយ poeuninfo

ថ្ងៃអាទីត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង និងឯកឧត្តម ឧត្តម វីធូរ៉ាត់ ស៊្រីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តការណ៍ជិះកង់ឆ្លងព្រំដែនប្រទេសទាំងពីរឆ្នាំ២០១៩ ដែលមានកីឡាករ កីឡាការិនី ប្រមាណជិត ២០០០នាក់ បានចូលរួម។

ព្រឹត្តការណ៍ជិះកង់ឆ្លងព្រំដែនប្រទេសទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហការល្អរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលផ្តើមចេញពីច្រកបានផាកាត  ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ តាក់តាមច្រកព្រំដែនអន្តរជាតិព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តខេត្តប៉ៃលិន និងបញ្ចប់នៅច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកគំរៀង ខេត្តបាត់ដំបង ដោយកាត់តាមដងផ្លូវជាតិលេខ​៥៧ និងលេខ៥៩ ។

ឯកឧត្តម វីធូរ៉ាត់ ស៊្រីណាម អភិបាលខេត្តចាន់បុរី បានមានប្រសាសន៍ថា៖ ដោយមើលឃើញ​ថា​​បច្ចុប្បន្ន ប្រជាជនថៃ ក៏ដូចជាប្រជាជនកម្ពុជា ចូលចិត្តជិះកង់លំហាត់ប្រាណដើម្បីសុខភាពជាក្រុមៗ គ្រប់ទីកន្លែង ទើបរដ្ឋបាលខេត្តចាន់បុរី, ខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការរៀបចំឱ្យមានព្រឹត្តការណ៍ជិះកង់មិត្តភាពនេះឡើង ដើម្បីលើកទឹកចិត្តដល់ក្រុមអ្នកជិះកង់ ដើម្បីសុខភាព មិត្តភាព និងពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិប័ត្តការល្អរវាងខេត្តជិតខាងគ្នាទាំងបី។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើ និងថ្លែងអំណរគុណដល់អាជ្ញាធរ​ខេត្ត​ចាន់បុរី ព្រះរាជាណាចក្រកម្ពុជា ដែល​ជារៀងរាល់ឆ្នាំ បានសហការរៀបចំអោយមានព្រឹត្តការណ៍​កង់ជាលក្ខណៈមិត្តភាពនេះឡើង ដែលទាំងនេះបានបង្ហាញពីសណ្តានចិត្ត និងឆន្ទៈមោះមុតក្នុងការរឹតចំណងសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិប័ត្តកាល្អរវាងគ្នា ជាពិសេសការទំនាក់ទំនង ការដោះដូរទំនិញ ពាណិជ្ជកម្មតាមព្រំដែនឱ្យ​បានកាន់តែល្អប្រសើរ​បន្ថែម​ទៀត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង