រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងសង្កាត់ប៉ៃលិន ទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ

  • 464
  • ដោយ poeuninfo

ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចែកវិញ្ញាបនបត្រ​សំគាល់​ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសំគាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី (ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ) ជូនពលរដ្ឋចំនួន ៤ភូមិ ក្នុងសង្កាត់ប៉ៃលិន ក្រុង​ប៉ៃលិន ដែលមានចំនួនសរុប ១១៦៦ប័ណ្ណ។​ ពិធីចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ នេះ បានធ្វើឡើងនៅក្នុងភូមិតាង៉ែនលើ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន និងលោក សូ សុខុន ប្រធាន​មន្ទីររៀបចំដែនដី នគររូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងលោក- លោកស្រី​ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថប្រចាំខេត្ត និងប្រជាពលរដ្ឋជាង៣០០នាក់ ផងដែរ។

លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគររូបណីយកម្ម សំណង់ និងសុរិយោដី​ខេត្ត​ប៉ៃលិនបានឲ្យដឹងថា៖ កន្លងមកខេត្តប៉ៃលិន បានធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈ​ជា​ប្រព័ន្ធ ហើយបានចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុសរុបចំនួន ០៨ភូមិ រួចមក​ហើយ។​ លោកបានបន្តថា៖ចំពោះការប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដែល​ត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នាពេលនេះសរុបចំនួន១១៦៦ប័ណ្ណ ដែលមាននៅ​ក្នុងភូមិ​ចំនួន៤ គឺ ភូមិប៉ាហ៊ីជើង ភូមិតាង៉ែនលើ ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ លោកបានបន្តទៀតថា៖ សម្រាប់​ការចុះ​បញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ នាពេលបច្ចុប្បន្ន គឺមាន០២ក្រុម ដែលក្រុមទី១ ចុះអនុវត្តន៍​ការងារនៅ​ភូមិអូរតា​ពុកលើ និងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ចំណែកក្រុមទី២ ចុះអនុវត្តន៍ការងារ​នៅ​ភូមិ​ដូង និងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ផ្តាំផ្ញើ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលបន្ទាប់ពីទទួលបានវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុនេះ​រួចហើយ ត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រ​ នេះ គឺជាឯកសារដ៏មានសារៈសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យ​របស់​បងប្អូន ហើយប័ណ្ណនេះ បងប្អូនអាចយកទៅដាក់បញ្ចាំខ្ចីប្រាក់ពីធនាគារសំរាប់បង្កើត ឬពង្រីកអាជីវកម្មរបស់បងប្អូនអោយមានការរីកចំរើនបន្តទៀត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង