រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អគ្គនាយកដ្ឋានពន្ធដាបើកសិក្ខាសាលាផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា

  • 533
  • ដោយ poeuninfo

ព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសាខាពន្ធដាខេត្តប៉ៃលិន មានបើកសិក្ខាសាលាផ្សព្វ​ផ្សា​យអំពីយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និង ផែនការប្រតិបត្តិ២០១៩-២០២៣ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសាខាពន្ធដាខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវ ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដា និងលោក ផាវឌី ណូរិន  ប្រធានសាខាពន្ធដាខេត្តប៉ៃលិន ។

លោកជំទាវ ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដា បានមានប្រសាសន៍ថា៖ ការបើកសិក្ខាសិលានៅពេលនេះមានគោលបំណងដើម្បីអោយមន្រ្តីសាខាពន្ធដាខេត្តប៉ៃលិន យល់ដឹងកាន់ច្បាស់ទាក់ទងការអនុវត្ត​ការងារជាក់ស្តែង តាមរយៈការផ្តល់សេវាជូនដល់អតិថិជន ក្រុមហ៊ុន សហគ្រាសនានា​ក្នុងប៉ៃលិន ដែលជាប់ពន្ធ និង ឆ្លុះបញ្ចាំង​ពីចក្ខុវិស័យ​ប្រែក្លាយប្រព័ន្ធចំ​ណូលរដ្ឋអោយមាន​លក្ខណៈទំនើប ដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ និង ការវិវត្ត​នៃរចនា​សម្ព័ន្ធ​សង្គម-សេដ្ឋកិច្ចជាតិ។ លោកជំទាវលើកឡើងថា៖ អគ្គនាយកដ្ឋានពន្ធដាបានដាក់ចេញគោលការណ៍ដល់គ្រប់សាខាពន្ធដានៅគ្រប់រាជធានីខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ពីលទ្ធភាពក្នុងការប្រមូលចំណូល ធ្វើយ៉ាង ម៉េចអោយបានទៅតាមផែនការកំណត់ តាមរយៈការអនុវត្តជាប្រចាំ ជារៀងរាល់ខែ ឆ្នាំ ដើម្បីពង្រឹង និងបង្កើននៃសេដ្ឋកិច្ចអោយមានរីកចំរើន ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល សំដៅកសាង អភិវឌ្ឍន៍ធនធាន ហេដ្ឋរចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក វត្តអារាមជាដើម។ ដូច្នេះថ្នាក់ដឹកនាំ ​និងមន្រ្តី​សាខាពន្ធដាខេត្តប៉ៃលិនត្រូវ​យកចិត្ត​ទុកដាក់​បន្តគាំទ្រ និងកៀរគរកចំណូល ទៅតាមតួនា​ទីភារៈកិច្ចរបស់ខ្លួន ធានាអោយបាន​ចីរភាពកំណើនសេដ្ឋកិច្ច រក្សាបាននូវចីរភាព​ចំណូល ដែលឈានដល់កម្រិតឧត្តមានុពល  និងធានាយុត្តិធម៌ក្នុងការអនុវត្តគោលនយោបាយសាពើ​ពន្ធ និងមិនមែនសារពើពន្ធ ជា​ពិសេសធានានូវសមធម៌សង្គម ដើម្បីចូលរួមចំណែកបន្ធូបន្ថយពន្ធដល់ប្រជាពលរដ្ឋមានចំណូលទាប បង្កើនសុខុមាលភាពប្រជាពលរដ្ឋ និងរក្សាការពារបរិស្ថានអភិបាល​កិច្ច​ល្អ៕ វួច ពឿន

អត្ថបទទាក់ទង