រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កុមារកំព្រាខេត្តប៉ៃលិន

  • 698
  • ដោយ poeuninfo

ព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការបណ្តាអង្គភាព ស្ថប័នជំនាញជុំវិញខេត្តបានអញ្ជើញសំណេះ​សំណាលសាកសួរសុខទុក្ខ​ និងនាំយកអំណោយទៅឧបត្ថម្ភដល់មណ្ឌលកុមារកំព្រាខេត្តប៉ៃលិន ដែលស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អំណោយដែលឯកឧត្តមអភិបាលខេត្តបានផ្តល់ជូនដល់មណ្ឌលកុមារកំព្រានាពេលនោះរួមមាន៖ សៀវភៅចំនួន ៤១៨ក្បាល, ប៊ិចចំនួន ០៨ប្រអប់, ខ្មៅដៃចំនួន ១២ប្រអប់ ,ទឹកលុបចំនួន៥០ដើម, ក្តារជ័រចំនួន១៥, អង្ករចំនួន ៥០០គីឡូក្រាម, មីចំនួន២០កេស, ទឹកត្រីចំនួន ០៦យួរ, ទឹកស៊ីអ៊ីវចំនួន០៦យួរ, កង់ចំនួន ០៣គ្រឿង ព្រមទាំងថវិកាចំនួន ២លានរៀល។ ដោយឡែកម៉ែដោះចំនួន២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាលើកទឹកចិត្ត២០ម៉ឺនរៀលផងដែរ។ក្នុងនោះដែរ ដោយសង្កេតឃើញតុសិក្សានៅមណ្ឌលកុមារកំព្រាមានភាពចាស់ទ្រុឌទ្រោម ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភតុថ្មីសម្រាប់សិក្សាចំនួន ៣០តុ និងបានកាត់សំលៀកបំពាក់សិក្សាជូនប្អូនៗកុមារកំព្រាផងដែរ។

        លោកស្រី យិត យឿន ប្រធានមណ្ឌលកុមារកំព្រាខេត្តប៉ៃលិនបានឲ្យដឹងថា៖ មណ្ឌលកុមារកំព្រាខេត្តប៉ៃលិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦។ រហូតមកដល់បច្ចុប្បន្ននេះមណ្ឌលបានចិញ្ចឹមបីបាច់កុមារកំព្រាចំនួន ៤៥០នាក់ ដែលក្នុងចំណោមកុមារកំព្រាទាំងនោះ ខ្លះបានធំពេញវ័យកំពុងធ្វើការសិក្សានៅថ្នាក់មហាវិទ្យាល័យ នៅថ្នាក់វិទ្យាល័យ និងនៅថ្នាក់បឋមសិក្សា ក្នុងនោះដែរក៏មានអតីតកុមាកំព្រាខ្លះបានចេញទៅបម្រើការងាររដ្ឋ និង ឯកជនជាច្រើននាក់ទៀតផងដែរ។ ដោយឡែកសព្វថ្ងៃនេះនៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន មានកុមារកំព្រាកំពុងរស់នៅចំនួន៣០នាក់ ស្រី១០នាក់ ដោយទទួលរបបអាហាររូបត្ថម្ភរបស់រដ្ឋចំនួន៥០០០រៀលក្នុង១ថ្ងៃ សម្រាប់កុមារម្នាក់ ហើយសព្វថ្ងៃមណ្ឌលបានផ្តល់អាហារ ៣ពេលក្នុង១ថ្ងៃ និង១អាទិត្យបានផ្តល់បង្អែមដល់កុមារហូបម្តងផងដែរ។ ចំណែកការព្យាបាលជម្ងឺទូទៅរបស់កុមារ គឺមន្ទីពេទ្យបង្អែកខេត្តប៉ៃលិនបានជួយព្យាបាលជម្ងឺដោយមិនគិតថ្លៃ។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៏ថា៖ រាជរដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​​​​     កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូខ្ពស់ដល់ក្មួយ​ៗកុមារកំព្រា​ ដោយមិនអោយក្មួយៗឯកោនោះឡើយ​។ រាជរដ្ឋាភិបាល ក៏ដូចថ្នាក់ដឹកនាំខេត្ត តែងគិតគូពីសុខទុក្ខ និងជួយជ្រោមជ្រែងដល់កុមារកំព្រាក្នុងខេត្ត ព្រោះថាកុមារទាំងអស់ គឺជាទំពាំងស្នងឬស្សីដែលសង្គមជាតិយើងត្រូវតែលើកទឹកចិត្ត បណ្តុះបណ្តាល ទំនប់បំរ៉ុង ដើម្បីក្លាយជាអ្នកបន្តវេណដែលពោពេញដោយថាមពល ចំណេះដឹង និងសីលធម៌ល្អ សំរាប់សង្គមជាតិនាថ្ងៃអនាគត់។ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់ក្មួយៗកុមារទាំងអស់ ត្រូវតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ចូលរួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិយើងអោយមានការរីកចំរើននៅថ្ងៃអនាគត់បន្តទៀត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង