រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ

  • 389
  • ដោយ poeuninfo

នាព្រឹកសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន មានបើកប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ប្រកាសលេខ ៦៣៨០/ប្រក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ អំពីការប្រគល់សិទ្ឋិត្រួតពិនិត្យសំណង់ និងគោលដៅ ដែលតម្រូវអោយមានប្លង់ប្រព័ន្ឋបង្ការ និងពន្លត់អគ្គីភ័យ, សេចក្តីជូនដំណឹងលេខ១៦៤៩/សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងពង្រឹងសម្ថភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសំណង់នៅតាមរាជធានី-ខេត្ត និងសារាចរលេខ ០៦/សរ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ​របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធាន និងលក្ខណៈវិនិច្ឆ័យនៃការធ្វើការ​​​​ប្រទានកម្មទ្រ​ព្យសម្ប​ត្តិរដ្ឋ ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការខេត្តប៉ៃលិន។​​ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងដោយមានកាអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុក និងលោកមេឃុំ-ចៅសង្កាត់ ផងដែរ។

        ឯកឧត្តម ចេង ញាន់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ យោងតាមសិក្ខាសាលាជាតិ ស្តីពីសុវត្ថិភាពអគ្គីភ័យ បានបង្ហាញថា គ្រោះអគ្គីភ័យដែលបានកើតឡើងកន្លងមក គឺបណ្តាលមកពីមូលហេតុធំៗចំនួន៤ គឺ៖ទី១/ការប្រើប្រាស់ចរន្តអគ្គីសនីមិនត្រឹមត្រូវ៖ ប្រើខ្សែភ្លើងចាស់ទំហំតូច មិនស្របនឹងទំហំនៃការប្រើប្រាស់, ការតបណ្តាញដោយគ្មានបច្ចេកទេស និងឧបករណ៏អគ្គីសនីដែលខូចផ្ទុះ។

ទី២/ ការមិនគោរពតាមល័ក្ខបង្ការអគ្គីភ័យ៖ ការផ្ទុកសារធាតុងាយឆេះ និងងាយផ្ទុះនៅក្នុងផ្ទះ និងកន្លែងដែលមិនមានសុវត្ថិភាព និងការដឹកជញ្ជូនដោយគ្មានឧបករណ៏ការពារអគ្គីភ័យ និងបាតុភូតអេឡិចត្រូស្តាទិច។ ទី៣/ ការធ្វេសប្រហែសផ្ទាល់ខ្លួន៖ ការចាកចេញពីផ្ទះដោយមិនបានពន្លត់ភ្លើងទៀន ធូប ចង្រ្កាន ឬការដុតភ្លើងនៅជិតលំនៅស្ថានជាដើម។ ទី៤/ ករណីផ្សេង​ៗ៖ ការដុត ការផ្ទុះកំប៉ុងហ្គាស ឬធុងហ្គាស ឬការឆេះរាលដាលពីព្រៃឈើ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៏ថា៖ ក្នុង រយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ វិស័យសំណង់មានការរីកលូតាលាស់យ៉ាងឆាប់រហ័ស ជាពិសេសនៅតាមទីក្រុង និងទីប្រជុំជន។ ទន្ទឹមនេះក៏មានសំណង់ខ្លះកំពុងសាងសង់ ជួសជុល  និងកែប្រែទ្រង់ទ្រាយសំណង់ ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត និងពុំមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសសំណង់អោយបានត្រឹមត្រូវ។ ករណីទាំងនេះអាចបណ្តាលអោយប៉ះពាល់សោភ័ណ្ឌភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតអោយមានគ្រោះមហន្តរាយ និងហានិភ័យផ្សេងៗ។ដើម្បីរួមចំណែកជំរុញ និងពង្រឹងប្រសឹទ្ឋភាពក្នុងការគ្រប់គ្រងសំណង់, អង្គភាពជំនាញ និងរដ្ឋបាលក្រុង-ស្រុក- ខណ្ឌ, ឃុំ-សង្កាត់ ត្រូវទទួលខុសត្រូវលើការងារគ្រប់គ្រង និងត្រួតពិនិត្យសំណង់ ព្រមទាំងធានាថាមិនមានការសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវពន្លឿននីតិវិធីក្នុងការផ្តល់សេវាលិខិតអនុញ្ញាតសាងសង់ ជូនដល់ម្ចាស់សំណង់អោយបានឆាប់ ស្របតាមគោលការណ៏បែបបទ  និងនីតិវិធីកំណត់ជាធរមាន និងត្រូវបន្តលើកកម្ពស់ការផ្តល់សេវាលើវិស័យសំណង់នៅតាមរដ្ឋបាលរាជធានី- ខេត្ត, ក្រុង- ស្រុក- ខណ្ឌ ដែលមានយន្តការច្រកចេញចូលតែមួយ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង