រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អាជ្ញាធរខេត្តប៉ៃលិន ទទួលព្រះអំណោយស្បៀងអាហារ ពីព្រះមេគណទាំង២គណៈនៅក្នុងខេត្តប៉ៃលិន

  • 507
  • ដោយ poeuninfo

ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ​អមដំណើរដោយ​ឯកឧត្តម ធូ ភា និងលោកជំទាវ ជា លាភ អភិបាលរងខេត្ត ឯកឧត្តម ជា ចាន់ឌិន សមាជិក​ក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការមួយចំនួនទៀត បានអញ្ជើញមកទទួល​អំណោយ​ជាស្បៀង​អាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ពីព្រះមេគណខេត្ត ទាំង ២គណៈ ដើម្បី​យកទៅបម្រើដល់​ការងារមនុស្ស​ធម៌ក្នុងខេត្តប៉ៃលិន។ ពិធីប្រគល់-​ទទួលព្រះអំណោយនេះ​បានធ្វើឡើងនៅវត្ត​សន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រវាងឯកឧត្តម ឯកឧត្តម ផាន់ ចាន់ធុល និងព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេ​គណ​ខេត្ត គណៈមហាកិកាយខេត្តប៉ៃលិន និងព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណ​ខេត្ត គណៈធម្មយុត្តិកៈនិកាយខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនមានប្រសាសន៍សំដែង​ការអរគុណចំពោះព្រះមេគណខេត្តទាំងពីគណៈ ដែលបានជួយឧបត្ថម្ភជា​ស្បៀង​អាហារ គ្រឿងឧបភោគ បរិភោគដល់រដ្ឋបាលខេត្ត ដើម្បីយកទៅចែកជូនបន្ត ដល់​ប្រជាពលរដ្ឋ​ទីទាល់​​ក្រ និងប្រជាពលរដ្ឋដែលជួបនូវគ្រោះធម្មជាតិនានានៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តម​បានមាន​ប្រសាសន៍បន្តថា ការជួយឧបត្ថម្ភនេះ គឺជាទឹកប្រទ័យដ៏ថ្ងៃថ្លា​របស់របស់ព្រះ​មេគណ​ទាំងពីរ​គណៈ ដើម្បីជួយសង្រ្គោះដល់ប្រជាពុទ្ធបរិស័ទក្នុងខេត្តប៉ៃលិន។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ព្រះសង្ឃបានធ្វើកិច្ចការល្អៗជាច្រើនរាប់មិនអស់សម្រាប់សង្គម ដូចជា ការដឹកនាំប្រជាពុទ្ធបរិស័ទអោយចេះមានសទ្ធា ធ្វើបុណ្យ ធ្វើទាន សន្សំនូវសេចក្តីល្អ ដែលនាំមកនូវក្តីសុខ សន្តិភាពដល់សង្គម, ការអភិរក្ស ថែរក្សានូវវប្បធម៌ ប្រពៃណីជាតិ, ការជួយកសាងសមិទ្ធិផលនានាក្នុង​វិស័យ​ព្រះ​ពុទ្ធសាសនាអោយមានការរីកចំរើន ក៏ដូចជា​កាជួយឧបត្ថម្ភជាសម្ភារៈ ស្បៀងអាហារ​ដើម្បីចែកជូន​ដល់ប្រជាពលរដ្ឋ​យើងដែលខ្វះ​ខាតផងដែរ។ ឯកឧត្តមក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់អង្គ បន្តការអប់រំផ្សព្វផ្សាយ​អោយបានខ្លាំងក្លាបន្ថែមទៀតពីផលប៉ះពាល់នៃគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម​ដល់ស្រទាប់យុវវ័យរបស់យើង។

សូមបញ្ជាក់ថា៖ អំណោយដែលព្រះសង្ឃទាំងពីរគណៈបានជួយឧបត្ថមនាពេលនោះ រួមមាន៖ អង្ករ ២តោន ស្ករស ១៩០គីឡូ មី ៣៩កេស ទឹកត្រី ៨យួរ និងទឹកស៊ីអ៊ីវ ៦យួរ៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង