រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិស្រះពីរ

  • 459
  • ដោយ Admin

 រសៀលថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ សាខាកាកបាទក្រហមខេត្ត និងយុវជន សសយក ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ១២០គ្រួសារ រស់នៅក្នុងភូមិស្រះពីរ (តាឈាន ) ឃុំអូរអណ្តូង ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តម បានមានប្រសាសន៍ថា៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី តែងតែគិតគូពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជំនឿសាសនាអ្វីឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ បច្ចុប្បន្ននេះប្រទេសជាតិរបស់យើងកំពុងតែមានសុខ សន្តិភាព និងការអភិវឌ្ឍរីកចំរើនជាបន្តបន្ទាប់, ជីវភាពរបស់ប្រជាពលរដ្ឋក៏មានការរីកចំរើន ធូរធាជាលំដាប់ផងដែរ។ មកដល់ពេលនេះយើងមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អគ្គីសនី ព្រមទាំង​សមិទ្ធិផលនានាជាច្រើនទៀតដែលបំរើដល់ផលប្រយោជន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ដែលទាំងនេះកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបានបន្តទៀតថា៖ ស្របពេលដែលយើងកំពុងមានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍនេះ ក៏មានជនអគតិមួយក្តាប់តូចតែងតែដើរបំភ្លៃការពិតពីកម្ពុជា ចង់បំផ្លាញសេចក្តីសុខ ការរីកចំរើនរបស់ប្រជាពលរដ្ឋកម្ពុជា និងចង់អូសទាញកម្ពុជាអោយធ្លាក់ក្នុងភ្លើងសង្គ្រាម បង្ករភាពអសន្តិសុខបន្តទៀត។ ដូច្នេះសូមបង្អូនកុំជឿលើការឃោសនា អូសទាញ ការញោះញង់របស់ជនអគតិទាំងនោះ ពោលគឺត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល បន្តការអភិវឌ្ឍស្រុក​ ទេស របស់យើងអោយបន្តរីកចំរើន តកូន តចៅរបស់យើងទៅថ្ងៃមុខទៀត។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិ ដែលធ្វើការ និងរស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានអោយបានល្អ និងឆាប់រហ័ស ជាពិសេសចូល​រួមអនុវត្តន៍នូវ​គោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា៖ អំណោយដែលបានយកទៅចែកជូនដល់ប្រជាពលរដ្ឋនាពេលនោះ មាន៖ ប្រហុក១ក្រឡ សំលៀកបំពាក់ និងមុងជ្រលក់ថ្នាំ៕ វួច ពឿ

អត្ថបទទាក់ទង