រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដុំទី៣ឬដុសជម្រុញ

  • 400
  • ដោយ poeuninfo

ព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០២១លោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមសារ៉ាត់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិនឯកឧត្តមលោកជំទាវអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសបីឬហៅថាដូសជំរុញ សម្រាប់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជនក្នុងភូមិសាស្ត្រប៉ៃលិនដែលមានទីតាំងសម្រាប់ការផ្ដល់វ៉ាក់សាំងនៅបរិវេនមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ 

   លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះវីរុសបំលែងថ្មីដែលហៅថាដែលតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់អទិភាពសម្រាប់ការចាក់វ៉ាក់សាំងដុំទី ៣ នេះសម្រាប់បណ្ដាខេត្តចំនួន ៧ ដែលមានព្រំប្រទល់ជាប់ជាមួយនឹងព្រះរាជាណាចក្រថៃឡង់ ដែលក្នុងនោះរួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យនិងខេត្តព្រះវិហារ។ 

   លោកជំទាវបន្តថាខេត្តទាំង ៧នេះជាខេត្តដែលមានហានិភ័យខ្ពស់ដែលត្រូវប្រឈមជាមួយបងប្អូនប្រជាពលករដែលបានធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញហើយស្របពេលដែលប្រទេសថៃកំពុងកើនល្បឿននៃការឆ្លងរីករាលដាលជំងឺកូវី១៩ ជាពិសេសប្រភេទវីរុសតម្លៃថ្មីដែលតា។ការចាក់វ៉ាក់សាំងដុំទី ៣ នេះជាឧបករណ៌មួយដ៏សំខាន់ក្នុងការជួយជម្រុញកងការពារបន្ថែមក្នុងខ្លួន ក្នុងការប្រឆាំងវីរុសកូវីដ១៩ ជាពិសេសវីរុសបម្លែងថ្មីដែលតា ។ ចំពោះវ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ដូសជំរុញនេះជាប្រភេទវ៉ាក់សាំង អាស្ត្រាសេនីកា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈយន្តការទ្វេភាគីហើយវ៉ាក់សាំងនេះត្រូវបានដឹកជញ្ជូនមកកាន់ខេត្តប៉ៃលិនតាមរយៈជើងយន្តហោះពិសេសរបស់កងយោធពលខេមរភូមិន្ទកាលពីព្រឹកព្រលឹមថ្ងៃទី ៧ ខែសីហាឆ្នាំ២០២១នេះ។ 

      លោកជំទាវអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបន្តសកម្មភាពចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហា នេះសូមមកទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នាដើម្បីធ្វើឱ្យមានភាពសាំនៅក្នុងសហគមន៍ ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ លោកជំទាវបន្ថែមថាបើទោះបីជាយើងចាក់សាំងចំនួនពីរដូសយ៉ាងណាក្តី ក៏យើងកុំភ្លេចចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនានាឲ្យបានសមស្រប ជាពិសេសវិធានការ៣ការពារ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ 

        ក្នុងឱកាសនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ជូនប្រជាពលរដ្ឋតាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគីនិងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២១កន្លងទៅនេះថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អសម្រាប់ប្រទេសកម្ពុជាគឺមានយន្តការ៥ធំៗក្នុងនោះទីមួយគឺ អភិបាលកិច្ចល្អ ទី២មានប្រភពវ៉ាក់សាំងច្បាស់លាស់ ទី៣មានធនធានថវិកាសម្រាប់ប្រើប្រាស់ ទី៤មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង