ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន រួមដំណើរដោយមន្ត្រីរាជការសាលាខេត្តប៉ៃលិនមួយចំនួនទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក សួន អ៊ន់ ចៅសង្កាត់អូរតាវ៉ៅ និងលោក ព្រំ សារ៉ាត់ ចៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅក្នុងផ្ទះ នៅក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ និងក្នុងភូមិប៉ាហ៊ី ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជម្រុញការលើកទឹកចិត្តដល់លោកចៅសង្កាត់ទាំងពីររូប ដែលកំពុងមានជំងឺ ឱ្យមានកម្លាំងចិត្តតស៊ូនិងរោគាចង្រៃ ដែលកំពុងយាយីដល់រាងកាយរបស់លោកទាំងពីរ។ លោកជំទាវបានមានប្រសាសន៍ថា ស្ថានភាពជំងឺរបស់លោកទាំងពីរនឹងប្រសើរឡើងវិញនៅពេលខាងមុខ។ សូមធ្វើចិត្តអោយសប្បាយ ខិតខំពិសារថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ នឹងព្យាយាមលំហាត់ប្រាណឲ្យបានច្រើនតាមលទ្ធភាព។ លោកជំទាវបានមានប្រសាសន៍បន្តថា លោកចៅសង្កាត់ទាំងពីររូប គឺជាថ្នាក់ដឹកនាំមូលដ្ឋាន ដែលប្រជាពលរដ្ឋគោរពស្រឡាញ់ គាំទ្រ និងជូនពរគ្រប់ៗគ្នា។ លោកទាំងពីរក៏នៅមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ ជួយឧបត្ថម្ភជ្រោមជ្រែង មិនទុកឱ្យនៅម្នាក់ឯងឯកោនោះឡើយ ដូចសកម្មភាពថ្ងៃនេះ ជាឧទាហរណ៍ស្រាប់៕
                        
                                    
                                                
























