រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ខ្លួន

  • 488
  • ដោយ poeuninfo

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្ត​ប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការ​ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងឃុំ/សង្កាត់ជាច្រើននាក់ផងដែរ។ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ទី១/ ពិនិត្យ និងអនុម័តពាក្យសុំច្បាប់ និងអវត្តមាន នៃកិច្ចប្រជុំ​សាមញ្ញ​លើកទី២៥ ទី២/ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ច​ប្រជុំសាមញ្ញលើកទី២៤ អាណត្តិ​ទី៣ ទី៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែ​មិថុនា ឆ្នាំ២០២១ និងលើកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត ទី៤/ ពិនិត្យ និងអនុម័តសេចក្តី​ព្រាង​របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆមាសទី១ ឆ្នាំ២០២១ ទី៥/ ពិនិត្យ និងអនុម័ត​សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត និងទី៦/ បញ្ហាផ្សេងៗ ។លោកជំទាវ បាន ស្រី មុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នដោយ​សារស្ថានភាពការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ គ្រប់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានសហការគ្នាយ៉ាងសកម្ម ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីត-១៩ ដូចជា៖ ការចូលរួមចំអិនម្ហូបអាហារ​សម្រាប់​ពលករ និងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កនានាទូទាំងខេត្ត ព្រមទាំងបានឧបត្ថម្ភជាស្បៀង​អាហារ និងថវិកា ដល់ប្រជាប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ នៅក្នុង​មូលដ្ឋានដែលខ្លួនទទួល​ខុសត្រូវ ដែលនេះជាការបង្ហាញពីការចូលរួម និងការលះបង់មិនអាចកាត់ថ្លៃបាន​ឡើយ ជាពិសេស កងកំលាំង​ប្រដាប់អាវុធទាំងបីប្រភេទ​ ដែលជាទ័ពស្រួច បានយាមកាមនៅតាមព្រំដែន និងដឹកជញ្ជូនពលករមក​ធ្វើ​ចត្តាឡីស័កប្រកបដោយប្រសិទ្ធភាព។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន​ បានមានប្រសាសន៍បញ្ជាក់ថា៖ រាល់បញ្ហាប្រឈមដែល​បានលើកឡើងក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តនឹងខិតខំប្រឹងប្រែងធ្វើការដោះស្រាយអោយបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក្រុង/ស្រុក, ឃុំ/សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់​ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហាប្រឈម នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ ត្រូវធ្វើការ​ដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងការងារជំនាញរបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះ​ស្រាយបាន សូមប្រញ៉ាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះៗរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់​ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋត្រូវមានឆន្ទះមុះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ។ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាល​ខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត កន្លងមកបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីក​ចំរើនជាបន្តបន្ទាប់ ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និង​ការ​​អនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេស​បានគិតគូយកចិត្តទុកដាក់ខ្ពស់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងទប់ស្កាត់ការចម្លងរីករាលដាល​ជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបង​ប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ៕

អត្ថបទទាក់ទង