រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន

  • 390
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធាន​មូលនីធិចាស់ជរា និជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុម​ការងារមូលនីធិ អញ្ជើញសំណេះសំណាល​សួរ​សុខ​ទុក្ខ ជាមួយ​លោកតា លោកតាចាស់ជរាគ្មានទីពឹង និងមាន​ជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមក​ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពីក្រុមការងាររបស់មូលនិធិនៅតាម​គោល​ដៅទាំង៣។

ឯកឧត្តម សៅ សារ៉ាត់ ​បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខ​ទុក្ខពីសំណាក់​ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ច​កាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូពី​សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់​កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិស​ដៅ​ជួយ​ដល់​​លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី​៧០ឆ្នាំ​ឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៍ដូចជា​ការជួយលើកកំពស់​កម្រិត​ជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិន​ប្រកាន់បក្សពួក និងនិន្នាការ​នយោបាយ​ឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ក្នុងឱកាសនោះដែរឯកឧត្តម សៅ សារ៉ាត់ ក៍បានមានប្រសាសន៍អំពាវនាវដល់​ប្រជា​ពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ និងការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍​តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ។

សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិ​ត្រូវ​បាន​បែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយលោកតានៅទីស្នាក់ការសាខាកាកបាទក្រហម​ខេត្តប៉ៃលិន, ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើក​ផ្តល់​ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន​ថវិកា ចំនួន ១០ម៉ឺនរៀល៕

អត្ថបទទាក់ទង