រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៣៦គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

  • 412
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខាក្រុងប៉ៃលិន យុវជនកាកបាទក្រុង និងយុវជន សសយក ក្រុង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារមានជីវភាពខ្វះខាត ក្នុងបរិបទកូវីដ-19 ចំនួន ៣៦គ្រួសារ នៅភូមិចំនួន ០៣ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខាបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅក្នុងខេត្តគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ។ លោកជំទាវ ពភ សុខ បានមានប្រសាសន៍បញ្ជាក់ថា៖ កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ បានជម្រុញរាល់គ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះទាំង ០៧ប្រកា របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលទេសៈវិបត្តិកូវីដ-១៩នេះ។លោកជំទាវ ពៅ សុខ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៣៦គ្រួសារ នៅភូមិសួនអំពៅកើត ភូមិទឹកផុស និងភូមិពេជ្រគីរី ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ២កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធ ១កេស ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ខ្នើយ ១ កន្ទេល ១ ក្រមា ១ សារ៉ុង ១) អាវយឺត ៣ និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទទាក់ទង