រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកជំទាវ បណ្ឌិត បាន ស្រីមុំ ណែនាំមិនអោយអ្នករត់ម៉ូតូឌុប និងអ្នករត់តាក់ស៊ីដឹកពលករមកពីប្រទេសថៃ ដែលមិនទាន់ធ្វើចត្តាឡីស័ក

  • 833
  • ដោយ poeuninfo

ក្នុងឱកាសនៃការចុះចែកអំណោយកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារកូវីដ១៩ចំនួន ៩៩២គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំមិនអោយអ្នករត់ម៉ូតូឌុប និងអ្នករត់តាក់ស៊ីដឹកប្រជាពលករមកពីប្រទេសថៃ ដែលមិនទាន់ធ្វើចត្តាឡីស័កឡើយ។ លោកជំទាវបានមានប្រសាសន៍ថាៈ ដោយយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ចូលក្នុងសហគមន៍ នៃប្រទេសកម្ពុជា តម្រូវអោយប្រជាពលករកម្ពុជាទាំងអស់ដែលទៅធ្វើការនៅក្នុងប្រទេសថៃ និងមានបំណងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ទើបអាចត្រឡប់ទៅជួបក្រុមគ្រួសារនៅលំនៅដ្ឋានបាន។ ក្នុងករណីដែលពួកគាត់មិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក គេចវេសតាមរយៈម៉ូតូឌុប ឬតាក់ស៊ីត្រឡប់ទៅលំនៅដ្ឋានវិញ, អ្នកត់តាក់ស៊ី ឬអ្នករត់ម៉ូតូឌុបនោះត្រូវចូលខ្លួនធ្វើចត្តាឡីស័កដោយខ្លួនឯង មិនមានការលើកលែងឡើយ ជៀសវាងការចម្លងមេរោគកូវីដ១៩ ចូលក្នុងសហគមន៍របស់យើង។

ក្នុងឱកាសនៃការចែកអំណោយនេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានពាំនាំការសាកសួរសុខទុក្ខ​ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ​តែងមានការនឹករលឹក គិតគូដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង និងចាត់ទុកការលំបាក ទុក្ខកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ជាទុក្ខកង្វល់របស់សម្តេចទាំងទ្វេរដែរ។ លោកជំទាវក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យរស់នៅស្អាតជានិច្ច ដើម្បីសុខភាពល្អ ​ជៀសផុតពីរោគាចង្រៃផ្សេងៗ ពិសេសមេរោគកូវីដ១៩។ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរ និងបន្តអប់រំណែនាំកូនចៅរបស់ខ្លួនអោយចូលរួមគោរពច្បាប់ចរាចរអោយបានខ្ចប់ខ្ជួន ព្រោះបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរកំពុងកើតមានឡើងគួរអោយព្រួយបារម្ភ។ ម្យ៉ាងទៀតក៏ត្រូវជៀសអោយឆ្ងាញពីគ្រឿងញៀន ទាំងការប្រើប្រាស់ និងការចែកចាយជួញដូរគ្រឿងញៀន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង ៩៩២គ្រួសារ ដែលមកទទួលអំណោយនាពេលនោះមាន៖ មួយគ្រួសារៗទទួលបាន អង្ករ៤០គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកស៊ីអ៊ីវ១យួ ទឹកបរិសុទ្ធវីតាល់១កេសធំ ឃីត ១កញ្ចប់ (ភួយ ១, មុង ១, កន្ទេល ១) និងថវិកាចំនួន៣ម៉ឺនរៀល។ ដោយឡែកគ្រួសារពិការចំនួន ២៣នាក់ ម្នាក់ទទួលបានទទួលថវិកាឧបត្ថម្ភបន្ថែមចំនួន ៥ម៉ឺនរៀលពីឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង