រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ថា ពេលនេះកងទ័ពយើងមានសត្រូវថ្មី គឺសត្រូវកូវីដ១៩

  • 441
  • ដោយ poeuninfo

មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កងទ័ពដែលកំពុងឈជើងយាមប្រចាំការនៅតាមខ្សែបន្តាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាល្ងាចថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ពេលនេះកងទ័ពរបស់យើងមានសត្រូវគ្មានរូបថ្មីមួយ គឺសត្រូវកូវីដ១៩ ដែលកំពុងយាយីដល់សុខភាព អាយុជីវិតរបស់មនុស្សនៅទូទាំងសកលលោក។ កងទ័ពរបស់យើងនៅតែជារបាំងជួរមុខ ក្នុងការការពារទប់ស្កាត់ការនាំចូលសត្រូវកូវីដ១៩ មកក្នុងប្រទេសកម្ពុជាយើង ដែលត្រូវតែខិតខំប្រឹងប្រែងអោយបានខ្លាំងក្លាបំផុតប្រឆាំងនឹងសត្រូវកូវីដ១៩នេះ ដើម្បីភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ បច្ចុប្បន្ននេះ កូវីដ១៩ កំពុងតែរាតត្បាតខ្លាំងចូលក្នុងសហគមន៍នៃព្រះរាជាណាចក្រថៃ ដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជា និងបានឆ្លងដល់ប្រជាពលករកម្ពុជាដែលទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ។ ដោយសារមានការញុះញង់បំភិតបំភ័យពីមេខ្យល់ខិលខូច ធ្វើអោយប្រជាពលករខ្មែរមួយចំនួនត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ ដែលមានអ្នកខ្លះបានធ្វើតេស្តវិជ្ជមានមេរោគ កូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនជាប្រមុខ មានការយកចិត្តទុកដាក់ខ្ពស់ និងតម្រូវអោយប្រជាពលករទាំងអស់ដែលត្រឡប់មកពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ មុនអនុញ្ញាតិអោយត្រលប់ទៅជួបក្រុមគ្រួសាររបស់ពួកគាត់វិញ។ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានណែនាំដល់កងទ័ព ត្រូវចូលរួមអប់រំណែនាំដល់ប្រជាពលករឆ្លងដែនទាំងអស់ អោយសហការជាមួយអាជ្ញាធរខេត្ត និងមន្រ្តីជំនាញ ដោយចូលខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ដោយមិនត្រូវមានការភ័យខ្លាចអ្វីឡើយ ព្រោះការចំណាយក្នុងពេលធ្វើចត្តាឡីស័ក គឺជាបន្ទុករបស់រាជរដ្ឋាភិបាល ហើយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានឧបត្ថម្ភដល់ពលករយើងម្នាក់២០០០០រៀល ក្នុងមួយថ្ងៃទៀតផង។ ការចូលខ្លួនធ្វើចត្តាឡីស័ករបស់ប្រជាពលករទាំងអស់ គឺជាការការពារសុខភាព អាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនកម្ពុជាទាំងមូល ។ តែបើពលករយើងគេចវេសមិនព្រមចូលខ្លួនធ្វើចត្តាឡីស័កទេ ក្រៅពីពួកគាត់បំផ្លាញសុខភាព អាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនកម្ពុជាទាំងមូលហើយ តែពួកគាត់ត្រូវប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីនដែលនៅរាយប៉ាយតាមព្រំដែនបន្សល់ទុកកាលពីសម័យសង្រ្គាមទៀតផង។ ប៉ុន្តែបើយកល្អបំផុត ប្រជាពលករយើងគួររក្សាការស្នាក់នៅ ធ្វើការ នៅនឹងកន្លែង កុំប្រញាប់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញឡើយ ក្នុងស្ថានភាពបែបនេះ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កងទ័ពដែលកំពុងឈជើងយាមប្រចាំការនៅតាមខ្សែបន្តាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាល្ងាចថ្ងៃអង្គារនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន បានជួយឧបត្ថម្ភកងទ័ព និងនគរបាលការពារព្រំដែន សរុបចំនួន២៥គោលដៅ ដែលក្នុងមួយគោលដៅ ទទួលបានអង្ករ៥០គីឡូក្រាម, មី៣កេះ, ត្រីខ២ឡូ,ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ៤យួរ, ទឹកក្រូច២កេះ,ម៉ាស់៤ប្រអប់, ជេលលាងដៃ១ដុំ មានបួនដប, ផ្អក២កែវ,ពងទា២បន្ទះ និងថវិកា៣០០០០រៀល៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង