រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រជាពលរដ្ឋទីទាល់ក្រ នៅស្រុកសាលាក្រៅ ២០០គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

  • 407
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, សមាជិក​គណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជន​កម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្ស​ធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ២០០គ្រួសារ នៅឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ បាននាំមកនូវប្រសាសន៍ផ្ដាំ​ផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់​ប្រជា​ពល​រដ្ឋ​ងាយរងគ្រោះ និង​រងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស​គ្រប់​​ពេល​វេលា ដោយមិនមាន​ការរើស​អើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់​ដោយ​អត់បាយ និងមិនបានជួយដោះស្រាយនោះទេ។

លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហម​កម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាព​ការងារ​មនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍​គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរង​គ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ​ចំនួន ដល់​ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះ​ថ្នាក់​ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិកា កុមារកំព្រា អ្នករស់នៅជាមួយ​មេរោគ​អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសព​ខ្វះខាត ជាដើម។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន​ប្រជាពល​រដ្ឋ​​ទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវ​រក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក​ក្នុងមុងជានិច្ច ដើម្បី​ជាស​វាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ហើយចំពោះបងប្អូនពលករដែលទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន ក្នុងនោះបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទីទាល់ក្រ នៅឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ក្នុងស្រុកសាលាក្រៅ ដែលទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មានចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៤០គីឡូក្រាម មី ១កេស ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកក្រូច ១យួ ផ្អក ១កែវ និងឃីត ១ (កន្ទេល១ មុង១ ភួយ១ ) និងថវិកាចំនួន ៥ម៉ឺនរៀល ដោយឡែកគ្រួសារពិការ ចំនួន ១៧នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែម ក្នុង១គ្រួសារៗ ៥ម៉ឺនរៀលពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន។

អត្ថបទទាក់ទង