រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានណែនាំអោយប្រជាពលករធ្វើការនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ត្រូវបង្ហាញខ្លួនអោយមន្រ្តីសុខាភិបាល និងក្រុមសមត្ថកិច្ចនៅច្រកទ្វារពិនិត្យសុខភាពអោយបានច្បាស់លាស់

  • 504
  • ដោយ poeuninfo

មានប្រសាសន៍ទៅកាន់ប្រជាពលករដែលហែលឆ្លងស្ទឹងត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងអូរទន្រ្ទាំដី ក្នុងភូមិអូឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈពេលដែលលោកជំទាវបណ្ឌិតបានជួបប្រទះឃើញ ក្នុងពេលដឹកនាំកម្លាំងសមត្ថកិច្ច និងអង្គភាពជំនាញចុះពិនិត្យ ពង្រឹងការយាមប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន នាល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទៅស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០  លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានណែនាំអោយប្រជាពលករធ្វើការនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ត្រូវបង្ហាញខ្លួនអោយមន្រ្តីសុខាភិបាល និងក្រុមសមត្ថកិច្ចច្រកទ្វារពិនិត្យសុខភាពអោយបានច្បាស់លាស់ និងធ្វើចត្តឡីស័ក១៤ថ្ងៃសិន មុននឹងត្រឡប់ទៅជួបជុំគ្រួសារនៅផ្ទះរបស់ខ្លួន ជៀសវាងការចម្លងមេរោគកូវីដ១៩ ដល់ក្រុមគ្រួសារ និងប្រជាជនកម្ពុជាទាំងមូល។ លោកជំទាវបានមានប្រសាន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ មានការយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋយើង ពិសេសក្នុងសភាពការណ៍ដែលពិភពលោកកំពុងរងគ្រោះដោយជំងឺកូវីដ១៩ និងដែលប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជាកំពុងមានការឆ្លងរាលដាលក្នុងសហគមន៍, សម្តេចបានណែនាំអោយអាជ្ញាធរខេត្តដែលមានព្រំដែនជាប់ប្រទេសថៃទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលប្រជាពលករទាំងអស់ដែលឆ្លងដែនពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ មកដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដាច់ខាត ជៀសវាងប្រជាពលករយើងនាំយកនូវមេរោគកូវីដ១៩ មកចំលងដល់ប្រជាជនកម្ពុជា។ លោកជំទាវបណ្ឌិតបានមានប្រសាន៍បន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយមានការត្រៀមបន្ទប់សម្រាប់ធ្វើចត្តាឡីស័កប្រជាពលករអោយបានសមរម្យ មានរបបចំណីអាហារគ្រប់គ្រាប់ និងទទួលបាននូវថវិកាចំនួន២០០០០រៀលក្នុងមួយថ្ងៃទៀតផង សម្រាប់ពលករម្នាក់។ ដូច្នេះសូមបងប្អូនកុំមានការព្រួបារម្ភឡើយ ហើយត្រូវមកចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នា។ លោកជំទាវក៏បានណែនាំដល់ប្រជាពលករទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលត្រូវចូលរួមគ្នាអោយបានផុលផុសការពារទប់ស្កាត់ការចំលងមេរោគកូវីដ១៩ ដោយត្រូវរក្សាកម្លាតគ្នាអោយបានយ៉ាងតិច១,៥ម៉ែត្រ ត្រូវលាងដៃអោយបានញឹកញាប់ ត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ​ ហើយបើបងប្អូនមានអារម្មណ៍មិនស្រួលខ្លួនត្រូវប្រញាប់មកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យអោយបានហ្មត់ចត់។ លោកជំទាវក៏បានណែនាំសូមអោយបងប្អូនប្រជាពលករទាំងអស់កុំចាញ់បោកមេខ្យល់ដែលបបួលនាំប្រជាពលករយើងត្រឡប់មកប្រទេសវិញអោយសោះ យកល្អត្រូវសំងំរក្សាការរស់នៅនឹងមួយកន្លែងកុំចេញដើរផ្តេសផ្តាស់បើគ្មានការចាំបាច់៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង