រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោជំទាវ បណ្ឌិត បានស្រីមុំបានមានប្រសាសន៍ថា មិនមានការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំ មន្រ្តីរាជការនៅក្នុងខេត្តប៉ៃលិននោះទេ

  • 385
  • ដោយ poeuninfo

មានប្រសាសន៍នៅក្នុងឱកាសនៃការចុះពិនិត្យសិក្សាទីតាំងសម្រាប់ត្រៀមរៀបចំផ្សារសហគមន៍ចុងសប្តាហ៍ នារសៀលថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោជំទាវបណ្ឌិត បានស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា មិនមានការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្រ្តីរាជការនៅក្នុងខេត្តប៉ៃលិននោះទេ តែថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ត្រូវមានការផ្លាស់ប្តូរឥរិយាបទ ខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អ ដើម្បីបំរើជាតិ ប្រជាជន និងត្រូវមានសាមគ្គី សហការគ្នាល្អទាំងក្នុងអង្គភាពរបស់ខ្លួន និងជាមួយបណ្តាអង្គភាពនានាទាំងអស់នៅជុំវិញខេត្ត។

 លោកជំទាវបណ្ឌិតបានមានប្រសាសន៍ដូច្នេះ គឺក្រោយពេលដែលលោកជំទាវទើបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងបានប្រកាសចូលកាន់តំណែងជាផ្លូវការបានរយៈពេល៦ថ្ងៃ ដែលពិធីប្រកាសចូលកាន់តំណែងនេះគឺបានធ្វើឡើងកាលពីព្រឹកថ្ងៃច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងឱកាសនៃការចុះពិនិត្យសិក្សាទីតាំងសម្រាប់ត្រៀមរៀបចំផ្សារសហគមន៍ចុងសប្តាហ៍នេះដែរ លោជំទាវបណ្ឌិត បានស្រីមុំ បានណែនាំអោយមន្រ្តីជំនាញ និងអាជ្ញាធរដែលលរៀបចំផ្សារនេះ ត្រូវគៀងគរ ជំរុញលើកទឹកចិត្ត អោយមានប្រជាកសិករ អាជីវករក្នុងខេត្តប៉ៃលិនយកផលិតផលរបស់ពួកគាត់ មកលក់ដូរនៅទីផ្សារនេះអោយបានច្រើន ជៀសវាងអាជីវករមកពីបណ្តាខេត្តផ្សេងៗមកលក់ដូរដណ្តើមទីផ្សាររបស់ពួកគាត់ ធ្វើអោយមានការអាក់អន់ច្រពន់ចិត្តពីប្រជជាកសិករ អាជីវករក្នុងខេត្តប៉ៃលិនយើង។ សូមបញ្ជាក់ថា៖ បើតាមលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន៖ ផ្សារសហគមន៍ចុងសប្តាហ៍ ដែលគ្រោងដំណើរការនាពេលខាងមុខ គឺមានរយៈពេល ២ថ្ងៃ គឺថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨យប់  ដោយមានការគាំទ្រពីគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អែម (AIMS) របស់ក្រសួងពាណិជ្ជកម្ម ហើយមានមុខទំនិញដូចជា៖ បន្លែ ផ្លែឈើ ស៊ុត សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃ ជាច្រើនមុខទៀត ដែលជាផលិតផលខ្មែរ ក្នុងខេត្តប៉ៃលិន៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង