រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកជំទាវបណ្ឌិត បាន ស្រីមុំ ណែនាំអោយមន្រ្តីសុខាភិបាលប្រចាំការនៅច្រកព្រំយកចិត្តទុកដាក់ធ្វើចត្តាឡីស័កលើអ្នកដំណើរអោយបានហ្មត់ចត់

  • 378
  • ដោយ poeuninfo

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យទីស្នាក់ការចត្តាឡីស័កនៅច្រកទ្វារអន្តរជាតិព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិននាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំអោយមន្រ្តីសុខាភិបាលដែលកំពុងយាមប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារធ្វើចត្តាឡីស័កលើអ្នកដំណើរទាំងអស់ ពិសេសពលករកម្ពុជាដែលចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ និងត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដើម្បីការពារការចំឡងមេរោគកូវីដ១៩ មកដល់ប្រជាជនកម្ពុជា។ លោកជំទាវបានមានប្រសាសាសន៍ថា៖ បច្ចុប្បន្ននេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍នៃប្រទេសថៃ ពិសេសក្នុងខេត្តសាមុតសាខន ដែលករណីនេះ អាជ្ញាធរថៃបានដាក់បន្ទុកលើពលករបរទេសជាអ្នកនាំចូលទៅចំឡងដល់ប្រជាពលរដ្ឋរបស់ខ្លួន និងបានចាប់បញ្ជូនពលករបរទេស ក្នុងនោះមានពលករកម្ពុជាផងដែរ អោយត្រឡប់មកកាន់មាតុប្រទេសវិញ។ ករណីនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ និងបានណែនាំអោយអាជ្ញាធរខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការវិលត្រឡប់របស់ប្រជាពលករកម្ពុជា និងត្រូវឃាត់ពួកគាត់ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ជៀសវាពួកគាត់មានផ្ទុកមេរោគកូវីដ១៩ ហើយមកចំឡងដល់ប្រជាជនកម្ពុជានៅក្នុងប្រទេស។ ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ក្រើនរំលឹកអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ សហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

សូមបញ្ជាក់ថា៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អាជ្ញាធរខេត្តប៉ៃលិន និងមន្ទីរសុខាភិបាលខេត្ត បានរៀបចំអោយមានស្នាក់ការចត្តាឡីស័កមួយកន្លែងនៅច្រកទ្វារអន្តរជាតិព្រំ និងបានត្រៀមបន្ទប់​សណ្ឋាគារចំនួន ៥០បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក ពលករដែលឆ្លងដែនត្រលប់មកពីប្រទេសថៃវិញ។ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង