រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកជំទាវ បណ្ឌិត បាន ស្រីមុំ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណអភិបាលខេត្តប៉ៃលិនជំនួសឯកឧត្តម ផាន់ ចាន់ធុល ដែលត្រូវបានតម្លើងឋានៈជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

  • 905
  • ដោយ poeuninfo

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ញើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសចូលកាន់តំណែងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុល ដែលត្រូវបានតម្លើងឋានៈជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងនៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាច្រើនរូប ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកមេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័ន លោកអភិបាលក្រុង ស្រុក លោកប្រធានមន្ទីរ ព្រមទាំងលោកបេឃុំ ចៅសង្កាត់នៅទូទាំងខេត្តប៉ៃលិនផងដែរ។

យោងតាមព្រះរាជក្រឹត្យ នស/រកត/១២២០/១៣៨២ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានត្រាស់បង្គាប់៖ មាត្រា១ ផ្ទេរភារកិច្ចឯកឧត្តម ផាន់ ចាន់ធុល ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ១ ពីអភិបាលនៃគណអភិបាលខេត្តប៉ៃលិន អោយមកប្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ មាត្រា២ តែងតាំងលោកជំទាវ បាន ស្រីមុំ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ២ ជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

បន្ទាប់ពីឯកឧត្តម ផាន់ ចាន់ធុល អតីតអភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានរាយការពីការគ្រប់គ្រង អភិវឌ្ឍខេត្តប៉ៃលិនជូនគណអធិបតីរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិនថ្មី បានមានប្រសាសន៍ថ្លែងអំណរព្រះរាជគុណូបក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសអោយលោកជំទាវបានក្លាយជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងដឹកនាំ សម្រួលកិច្ចការងារដ្ឋបាលជូនបងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកប្រកាសរូបរូបលោកជំទាវជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងបានផ្តល់អនុសាសន៍ល្អៗ ក្នុងការយកទៅអនុវត្តការងារ ដើម្បីជាទន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធការងាររដ្ឋបាល នៅក្នុងមូលដ្ឋានខេត្តប៉ៃលិនផ្ទាល់តែម្តង។ លោកជំទាវបណ្ឌិតបានប្តេជ្ញាថា នឹងការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងចំណាយវេលាដើម្បីការងារនេះឲ្យអស់ពីសមត្ថភាព លទ្ធភាព ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេសទៅទៀតនោះ គឺការពារសុខ សន្តិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តអោយខាងតែបាន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអោយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំងអស់ត្រូវអនុវត្តតាមការដឹកនាំ ចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនថ្មី ដើម្បីសម្រេចអោយបាននូវការងារកសាង អភិវឌ្ឍន៍ខេត្តប៉ៃលិនអោយមានការរីកចំរើនថ្មីៗបន្ថែមទៀត ក៏ដូចជាការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេចក្តីសុខសាន្ត ភាពសម្បូររុងរឿងរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល។ សម្តេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ណែនាំអោយលោកជំទាវ អភិបាលខេត្តប៉ៃលិនថ្មី ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារទប់ស្កាត់អោយបាននូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានបែបញុះញង់ បង្ករភាពវិកវរក្នុងសង្គម ដែលបង្ករឡើងដោយជនអគតិមួយចំនួន។ ជាការពិតប្រទេសកម្ពុជាយើងប្រកាន់យកនូវរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស, យើងទទួលយកនូវរាស់ការបញ្ជេញមតិ និងរាល់ព័ត៌មានពីគ្រប់មជ្ឃដ្ឋានទាំងអស់, ទាំងវិជ្ជមាន និងអវិជ្ជមាន, ដើម្បីធ្វើការថ្លឹងថ្លែងនិងកែសម្រួល, តែមិនមែនការបញ្ចេញមតិបែបញុះញង់ ឬព័ត៌មានមិនពិតនោះទេ។ ត្រូវយកចិត្តទុកដាក់លើបញ្ហាយុត្តិធម៌សង្គម ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការដោយស្មើភាព មិនប្រកាន់និន្នាការនយោបាយ និងមិនត្រូវធ្វេសប្រហែសឡើយ ទោះរឿងតូច ឬរឿងធំក៏ដោយ។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំអោយលោកជំទាវ អភិបាលខេត្តថ្មី និងមន្រ្តីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសក្នុងខេត្តប៉ៃលិនដែលមានព្រំដែនជាប់នឹងប្រទេសថៃ ដែលកំពុងឆ្លងរាលដាលខ្លាំងនៅពេលបច្ចុប្បន្ននេះ៕ ដោយៈ វួច ពឿន

អត្ថបទទាក់ទង