រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ត្រូវរួមគ្នាដាំដើមឈើ និងផ្កាចំរុះ តាមដងផ្លូវនិងទីសាធារណៈ ដើម្បីបង្កើតជាគម្របបៃតង និងលើកកម្ពស់សោភ័ណភាពក្នុងទីរួមខេត្ត

  • 709
  • ដោយ poeuninfo

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញដឹកនាំ មន្ត្រីរាជការតាមមន្ទីរស្ថាប័ន អង្គភាពជុំវិញ និងព្រះសង្ឃ ធ្វើការដាំដើមផ្កាសាគូរ៉ា ចំនួនជាង ១០០ដើម នៅសងខាងផ្លូវបេទីមីន័រ ក្នុងតំបន់រដ្ឋបាលខេត្ត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា៖ នៅថ្ងៃអនាគត់ កូនឈើ និងដើមផ្កាសាគូរ៉ា រាប់ពាន់ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងទីក្រុង។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងនៅថ្ងៃនេះ ឯកឧត្តមបានដឹកនាំ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត និងព្រះសង្ឃ ចុះដាំដើមផ្កាសាគូរ៉ា នៅសងខាងផ្លូវបេទីមីន័រ ក្នុងតំបន់រដ្ឋបាលខេត្ត ក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការ និងព្រះសង្ឃ បង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។

នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ជំរុញដល់មន្ទីរអង្គភាពជំនាញជុំវិញខេត្តទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការដាំ និងការថែទាំ ទៅតាមគោលដៅរបស់ខ្លួន ដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។

សូមបញ្ជាក់ថា៖ ដើមផ្កាសាគូរ៉ា ដែលយកមកដាំនៅក្នុងតំបន់រដ្ឋបាលខេត្ត នាពេលនេះ គឺជាអំណោយ របស់លោក ផឹង សុភី ម្ចាស់បុរីរតនៈ សាគូរ៉ាប៉ៃលិន ដល់រដ្ឋបាលខេត្ត ហើយដើមផ្កាសាគូរ៉ានេះ គឺប្រភេទរុក្ខជាតិ ដែលធនទៅនឹងអាកាសធាតុ ងាយស្រួលក្នុងការដាំដុះ និងថែទាំ។

ញ៉ឹប បូរី ប៉ៃលិន

អត្ថបទទាក់ទង