រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19 បានទទួលស្បៀងអាហារ ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

  • 480
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជា​ខេត្ត​ប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារចុះជួយ បានអញ្ជើញចុះសួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះ នៅសង្កាត់អូរតាវ៉ៅ, សង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា ស្ថិតក្នុង​ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៩២គ្រួសារ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដើម្បីជួយ​ដោះស្រាយ​​​ជីវភាពរបស់ពួកគាត់មួយរយៈពេល បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើង​នៃ​ជម្ងឺ Covid-19។

ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើង​ថា÷ ដោយសារការព្រួយ​បារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារ​មួយ​ចំនួនត្រូវបានបិតទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋខ្លះអត់ការងារធ្វើ ហើយពលរដ្ឋខ្លះទៀត ដែលធ្វើជា​ពលករ​​នៅ​ក្រៅប្រទេស ត្រូវបង្ខំ​ចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុមគ្រួសាររបស់ពួកគាត់ ដូច្នេះជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត បាន​នាំយក​អំណោយស្បៀងមកឧបត្ថម្ភដល់ពួកគាត់នៅតាមខ្នងផ្ទះ ព្រោះមិនអាចធ្វើការប្រមូលផ្តុំមនុស្សច្រើន​បាន។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបាន​បំពេញ​តាម​តំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោក​​យាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផល​ដាំ​ដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មាន​អនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួម​បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីត ១៩។ ឯកឧត្តមប្រធានបានមានប្រសាសន៍ឱ្យ​ដឹងថា៖ ការជួយគ្នាក្នុង​គ្រាលំបាកគឺជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និង បានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ​ឱ្យ​មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេសបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការ​លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណា​ម្នាក់​ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត គ្រប់ជាន់ថ្នាក់ ត្រូវចុះអោយដល់​មូលដ្ឋានប្រជាពលរដ្ឋ ហើយក្តាប់អោយបាននូវទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បី រួមគ្នាដោះ​ស្រាយជូនពួកគាត់អោយ​បានឆាប់រហ័ស ទាន់ពេលវេលា ជាពិសេសបញ្ហាជម្ងឺ Covid-19។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទទួលអំណោយស្បៀងពីក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជាខេត្តប៉ៃលិន មានចំនួន ៩២គ្រួសារ សង្កាត់អូរតាវ៉ៅ, សង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរ ផងដែរ។

អត្ថបទទាក់ទង