រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនអញ្ជើញចុះសួរសុខទុក្ខពលករដែលបានសម្រុកចេញពីប្រទេសថៃ ឆ្លងព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

  • 686
  • ដោយ poeuninfo

 ព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ដោយសារស្ថានភាពរីករាលដាលនៃវីរុសកូវីត-១៩ បានបង្ខំអោយពលករខ្មែរដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃប្រមាណជាង ១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាដែលច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកសំខាន់ៗផ្សេងទៀតជាប់ព្រំដែនថៃត្រូវបានបិទមិនឱ្យចេញចូលទៅមកបានឡើយ។

បើតាមការរៀបរាប់របស់ពលករខ្មែរដែលឆ្លងដែនមក បានឱ្យដឹងឡើងថា÷ នៅក្នុងប្រទេសថៃពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំអោយពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះក៍​ត្រូវបង្ខំចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីជួបជុំក្រុមគ្រួសារ ។ ជាក់​ស្តែង​នៅព្រឹកថ្ងៃទី២៥មិនាឆ្នាំ២០២០នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានជួបពិភាក្សាសម្របសម្រួលជាមួយភាគីថៃដោយ​អនុញ្ញាត​ឱ្យពលករប្រមាណជាង ១០០នាក់ ទើបបើកច្រកឱ្យចេញ ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ពលករខ្មែរដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរខេត្តមិនបានអនុវត្តន៍ដាក់អោយនៅដាច់ឡែកនោះទេ ដោយគ្រាន់តែកំណត់អត្តសញ្ញាណ ការស្រង់ទិន្នន័យលំនៅដ្ឋានពិតប្រាកដត្រូវត្រឡប់ទៅវិញងាយស្រួលការការពារនិងតាមដានព័ត៌មានផ្សេងៗ ការពិនិត្យឆែកកំដៅនិងពិនិត្យសុខភាពយ៉ាងតឹងរឹង និងលាងសំអាតដៃ និងដងខ្លួនដោយសារធាតុសម្លាប់មេរោគពីក្រុមមន្ត្រីសុខាភិបាលខេត្ត រួចហើយទើបមានអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញជាធម្មតា។

សូមបញ្ជាក់ថា៖ ពលករកម្ពុជាដែលសម្រុកឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ គឺមានចំនួនសរុប ១០៣នាក់ ស្រី៥១នាក់ ហើយលទ្ធផលគឺអវិជ្ជមានផងដែរ។

អត្ថបទទាក់ទង