រមណីយដ្ឋានរហាត់ទឹក គឺជារមណីយដ្ឋាន កែច្នៃធម្មជាតិ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រមណីយដ្ឋាននេះ មានចំងាយផ្លូវប្រហែលជាង ២គីឡូមែត្រ ពីវិមានឯករាជ្យ ដោយត្រូវធ្វើដំណើរចេញពីវិមានឯករាជ្យ ឆ្ពោះមកទិសខាងជើង កាត់តាមពោធិមារាម ហៅវត្តប៉ាហ៊ី ។ បើយើងគិតចាប់ពីវត្តប៉ាហ៊ី មកជើងត្រង់ ប្រហែលជាង១គីឡូម៉ែត្រ, មានផ្លូវបំបែកមួយនៅខាងស្តាំដៃ ដោយមានផ្លាកថា រមណីយដ្ឋានរហាត់ទឹក នៅទីនោះ។ ធ្វើដំណើរតាមផ្លូវលំនោះ ប្រហែលជាង ១០០មែត្រ នឹងមកដល់រមណីយដ្ឋានរហាត់ទឹក។
រមណីយដ្ឋានរហាត់ទឹកស្តិតនៅតាមអូរធម្មជាតិ មានទឹកថ្លាឆ្វេង ហូរមិនចេះដាច់ ខួបប្រាំង ខួបវស្សា ។ មានកសាងខ្ចុះស្រស់ស្អាត មានផាសុខភាព នៅតាមមាត់អូរ សំរាប់ភ្ញៀវទេសចរណ៍អង្គុយកំសាន្ត ស្រស់ស្រូបអាហារ ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ។ នៅក្នុងអូរមានកសាងទំនប់បង្ហៀរទឹក និងមានរហាត់ទឹកមួយដ៏ធំ មួយនៅចំកណ្តាល ដែលកាលពីអតីតកាល រហាត់ទឹកនេះ គឺជាវារីអគ្គីសនី សំរាប់យកភ្លើងប្រើប្រាស់នៅក្នុងភូមិក្បែរៗនោះ។ បច្ចុប្បន្ននេះ មានទឹកជ្រៅគួរសម សំរាប់លោតលេងកំសាន្ត ,ជិះទូក, ជិះពោងកំសាន្ត ជាដើម។ លើសពីនេះ រមណីយដ្ឋានរហាត់ទឹកក៏មានអាងទឹកកែច្នៃសំរាប់ហែលលែងកំសាន្ត មានសួនច្បារ ប្រកបដោយផ្កាចំរុះ និងមានរូបសំណាកសត្វព្រៃធម្មជាតិជាច្រើនសំរាប់គយគន់។
ភ្ញៀវទេសចរណ៍ទាំងឡាយ ដែលទៅលេងកំសាន្តនៅ រមណីយដ្ឋានរហាត់ទឹក តែងតែមានអារម្មណ៍សប្បាយរីករាយ ហូបអាហារយ៉ាងឆ្ងាញ់ពិសារជាមួយមិត្តភ័ក្ត ក្រុមគ្រួសារ ជាមួយនឹងអាហារពិសេសៗប្រចាំនៅ រមណីយដ្ឋានរហាត់ទឹក មានដូចជា៖ មាត់ដុត សម្លរម្ជូព្រៃទា បុកទឹកគ្រឿង ជាដើម ដែលមានតម្លៃសមរម្យ ដូចទៅនឹងតម្លៃនៅលើទីផ្សារធម្មតា៕ ដោយ៖ វួច ពឿន