រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ខេត្តប៉ៃលិនប្រារព្ធខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»

  • 515
  • ដោយ poeuninfo

(ខេត្តប៉ៃលិន)៖ស្របពេលទៅនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកប្រារព្ធទិវា អន្តរជាតិនារី ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីរំលឹកឡើងវិញ នូវការតស៊ូ របស់វីរៈស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម នាព្រឹកថ្ងៃទី០៤  ខែមីនា ឆ្នាំ២០២០ ខេត្តប៉ៃលិនបានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវា អន្តរជាតិ នារី៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដែលរៀបចំនៅបរិវេណន្តមុខសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាព និងស្ថាប័ន កងកំលាំងគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ព្រមទាំង អភិបាលរងក្រុង/ស្រុក ជាស្ត្រី អញ្ជើញមកពីក្រុង/ស្រុក ជាច្រើននាក់ ផងដែរ ។

បន្ទាប់ពីលោកជំទាវ ជាលាប អភិបាលរងខេត្ត បានអាននូវព្រះរាជសារ សម្តេចព្រះមហាក្សត្រីយានី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ថ្លែងនៅក្នុងឱកាសទិវា អន្តរជាតិនារី រួចមកឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្តែងនូវកោតសរសើរ ដល់មន្ទីរកិច្ចការនារី ខេត្ត ដែលបានចូលរួមជាមួយនារី ទូទាំងប្រទេស ដើម្បីរៀបចំពិធីនេះក្នុងគោលដៅរំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្សឲ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្រ្តី ទទួលបានអត្ថប្រយោជន៍ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិ ជាពលរដ្ឋស្មើគ្នាជាមួយបុរសដើម្បីធ្វើឲ្យជីវិតរស់នៅឈានឆ្ពោះទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿង រួចផុតពីភាពងាយរងគ្រោះ។ឯកឧត្តមលើកឡើងថា៖ប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេន ឌ័រ» គឺបានផ្តល់ន័យយ៉ាងសំខាន់និងទូលំទូលាយក្នុងការចូលរួម របស់បុរស និងស្ត្រី ដែលទទួលយកបាននូវសិទ្ធិស្មើគ្នា ឱកាសដូចៗគ្នា ហើយជាដៃគូរដ៏សក្តិសម និងការទទួលបានដោយការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជាទាំងមូល ជាពិសេស គឺស្រ្តីខ្លួនឯងផ្ទាល់សម្រាប់ផ្តល់ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជម្រុញ និងពន្លឿនកិច្ចរអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យឈានទៅរកភាពរីកចំរើនរុងរឿង ខណៈដែលប្រទេសជាតិយើងកំពុងទទួលបាននូវសុខសន្តិភាព ពេញផ្ទែប្រទេសនោះ។ ម្យ៉ាងវិញទៀត ការប្រារព្ធទិវា ខាងលើនេះដែរ ក៏មានគោលបំណងបន្តរំលេចអំពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាពដែលយើងទាំងអស់គ្នាកំពុងអរគុណសន្តិភាពផងដែរ។

ក្នុងឱកាសនោះដែរអភិបាលខេត្តក៏បានលើកសំណូមពរទៅដល់ស្ត្រីទាំងអស់ត្រូវចេះគិតគូរអំពីខ្លួនឯងជាមុនសិន ថ្វីត្បិតតែ បញ្ហាស្ត្រី គឺជាបញ្ហា របស់យើងទាំងអស់គ្នាត្រូវគិត ពីព្រោះថា ស្ត្រី គឺជាឆ្អឹងខ្នង នៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈនេះ ក៏សូមឲ្យបងប្អូនជាស្ត្រីគ្រប់ៗគ្រប់រូបត្រូវពង្រឹងសមត្ថភាពការងារ និងបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីមានចំណេះដឹង និងសមត្ថភាពខ្ពង់ ខ្ពស់ ហើយទទួលឱកាសចូលរួមចំណែកក្នុងសកម្មភាពនានា ទាំងឆាកនយោបាយនិងសង្គម៕

        បើតាមការបញ្ជាក់ពីលោកស្រី ច័ន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានអោយដឹងថា៖នៅទូទាំងខេត្តប៉ៃលិន តាមសូចនាករឆ្នាំ២០១៩ បានបង្ហាញថា ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី០៤ មានចំនួន៥២នាក់ ក្នុងនោះស្រីមានចំនួន១២ នាក់ មេឃុំចៅសង្កាត់មានចំនួន០៨នាក់ ក្នុងនោះស្រី្ត​មាន២នាក់ ក្រុមប្រឹក្សាក្រុង/ស្រុកមានចំនួន៣០នាក់ ស្រ្តីមាន៥នាក់  គណៈអភិបាលក្រុងមាន០៥ ស្រ្តីមាន១នាក់ គណៈអភិបាលស្រុក៥នាក់ ស្រ្តី១នាក់ ក្រុមប្រឹក្សាខេត្តចំនួន១៥នាក់ ស្រ្តី០៣នាក់  គណៈអភិបាលខេត្តសរុប៥នាក់ មានស្រ្តី១នាក់ ។ ស្ថិតិមន្រ្តីរាជការក្នុងខេត្តប៉ៃលិនសរុប២៣៥៦នាក់ ស្រ្តីមាន៦៥៥នាក់។​ចំណែកសិស្សានុសិស្ស​សរុប១៦១១០នាក់ សិស្សស្រីមានចំនួន៧៩៩៣នាក់  និងកងរាជអាវុធហត្ថខេត្តប៉ៃលិន​សរុប៩០នាក់ មានស្រ្តី០៤នាក់ ទីបញ្ជាការ​តំបន់ប្រតិ​បត្តិការ​សឹងរងប៉ៃលិន​ចំនួនកងទ័ពសរុប២៤៤​នាក់ ស្រ្តីមាន១៥នាក់ ស្នងការដ្ឋាននគបាល​ខេត្ត​ប៉ៃលិន មានមន្រ្តីនគបាលសរុប៤៦៣នាក់ មានស្រ្តី៣២នាក់ផងដែរ។

អត្ថបទទាក់ទង