រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះគ្រោះអគ្គីភ័យ

  • 690
  • ដោយ poeuninfo

នៅដងស្ទឹងតារាប ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន កាលពីថ្ងៃទី ២៩  ខែកុ​ម្ភះ ឆ្នាំ ២០២០ មានរៀបចំទិវា​ជាតិ​បង្ការ និង​ពន្លត់ គ្រោះអគ្គីភ័យលើកទី៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ​ឯកឧត្តម  ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់លោកស្នងការខេត្ត គ្រប់មន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ព្រះសង្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជនសសយកខេត្ត យុវជនកាយរឹទ្ធិ  សរុបចំនួន១១២៤នាក់។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រសាសន៍ថា៖ ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​អត្ថន័យ និង មាន​សារៈសំខាន់ ក្នុង​គោលបំណង​បំផុស​អោយមាន​ការចូលរួម​ពី​គ្រប់​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា អង្គការ​សង្គម​ស៊ីវិល សមាគម ផ្នែក​ឯកជន ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ បាន​យល់ដឹង គាំទ្រ និង ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច ប្រកបដោយ​ការ​បេ្ត​ជ្ញា​យ៉ាង​មុតមាំ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ដែល​បណ្តាលមកពី​បញ្ហា​អគ្គីភ័យ ។  ​ឯកឧត្តម  ​បន្តថា ការបង្ការ ពន្លត់​អគ្គិភ័យ គឺជា​ករណី​កិច្ច​គ្រប់​មន្ទីរ អង្គភាព ផ្នែក​ឯកជន និង ប្រជាពលរដ្ឋ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ និង ចូលរួម​ពន្លត់​អគ្គិភ័យ​នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតមានឡើង និង ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​បង្ការ និង ពន្លត់​អគ្គិភ័យ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ធ្វើការ​អប់រំ ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ពេល​មាន​ហានិភ័យ​ខ្ពស់ ព្រមទាំង​ឲ្យ​បាន​យល់ដឹង​អំពី​វិធានការ បច្ចេកទេស​បង្ការ និង​ពន្លត់អគ្គីភ័យ នៅ​គ្រប់​គេហដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹប​កម្សាន្ត កាស៊ីណូ ផ្សារ និង អាជីវកម្ម​នានា គឺ​ត្រូវ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព បង្ការ​ពន្លត់អគ្គីភ័យ ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស ជាពិសេសការទប់ស្កាត់ការដុតចម្ការ ដុតព្រៃ ដុតភ្លើងយកឃ្មុំ និងការចោលកន្ទុយបារីនៅព្រៃភ្នំ ជាដើមហេតុបង្កអោយមានអគ្គីភ័យឆាបឆេះបានគ្រប់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖ មួយរយះនេះខេត្តប៉ៃលិនយើងបានប្រឈមខ្ពស់លើបញ្ហាភ្លើងឆេះព្រៃភ្នំ​ដែលពិបាកទប់ស្កាត់នឹងគួរអោយព្រួយបារម្មណ៍ជាខ្លាំង ដែលទាមទារការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ។ ចំពោះ​ករណីនេះ យើង​ត្រូវ​បន្ត ខិតខំ​ប្រឹងប្រែង​ឲ្យ​សម្រេចបាន នូវ​គោលបំណង​ចំនួន​ពីរ គឺ រក្សា​ឲ្យ​បាន​សន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ​រដ្ឋ និង ឯកជន អំពី​គ្រោះថ្នាក់​បណ្តា​មកពី អគ្គីភ័យ និង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ អ្នក​វិនិយោគិន គ្មាន​ការព្រួយបារម្ភ​កង្វល់​អំពី​គ្រោះ​អគ្គិភ័យ និង​ស្ម័​ត្រ​ចិត្ត​យ៉ាងសកម្ម ចូលរួម​ជាមួយ​កងក​ម្លាំ​ង​សមត្ថកិច្ច បង្ការ ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​កើតមាន​អគ្គីភ័យ​កើតឡើង ។ ក្នុងឱកាសនោះឯកឧត្តម​ក៏បាន​ធ្វើការ​កោតសរសើ​រ​ដល់​កងកម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត  ដែល​បាន​សហការល្អជាមួយរដ្ឋបាលខេត្តប៉ៃលិន ក្នុងការ​ខិតខំ​យកចិត្តទុកដាក់ ចូលរួម​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ បាន​ទាន់ពេលវេលា​នៅ​ខេត្តប៉ៃលិន។          យោងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការរង​នគរបាល​ខេត្ត​ទទួល​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានបញ្ជាក់​អោយដឹងថា៖ ក្នុង​លំ​ហាត់​សមយុទ្ធ​នោះ ក៏មាន​ការបង្ហាត់បង្ហាញ អំពី​សកម្មភាព​ស្តីពី ការប្រើប្រាស់​ឧបករណ៍​ពន្លត់អគ្គីភ័យ ដែល​បានធ្វើការ​បង្ហាត់បង្រៀន​ឡើង ដោយ​ក្រុម​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​ធ្វើ​សមយុទ្ធ​ក្នុងការ​ពន្លត់​អគ្គិភ័យ ជូន​ដល់​គណៈអធិបតី និង អង្គពិធី​ទាំងមូល​បាន​ទស្សនា​ផងដែរ ៕

អត្ថបទទាក់ទង