រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មានសុខសន្តិភាព ទើបពលរដ្ឋមានសិទ្ធិគោរពសាសនា

  • 793
  • ដោយ poeuninfo

នេះជាកាលើកឡើងរបស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដែលបានថ្លែងក្នុងពិធីបុណ្យ មាឃបូជា ដែលបានប្រារព្វធ្វើឡើងនៅវត្តរតនោភ័ណ្ឌ ហៅវត្តកោងកាង នាល្ងាចថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០ ដែលមានការនិមន្តចូលរួមពីព្រះសង្ឃគ្រប់វត្តអារាមទូទាំងខេត្ត  ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តនិងលោកជំទាវ មន្ត្រីរាជការគ្រប់មន្ទីរ អង្គភាព ពុទ្ធបរិស័ទ្ធជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ឯកឧត្តមបានថ្លែងថា ដោយសារតែប្រទេសមានសុខសន្តិភាព មានសេរីភាពពេញលេញ ទើបការគោរពសាសនា ត្រូវបានរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បើកទូលាយចំពោះប្រជាពលរដ្ឋទូទៅក្នុងការគោរពសាសនា ទៅតាមជំនឿរៀងៗខ្លួន ។ រីឯព្រះពុទ្ធសាសនាត្រូវបានកំណត់ជាសាសនារបស់រដ្ឋ ហើយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាមក្នុងខេត្ត មានការរីកចម្រើនយ៉ាងខ្លាំងដោយសារប្រជាពលរដ្ឋខ្មែរភាគច្រើនគោរពប្រតិបត្តិ ហើយព្រះសង្ឃគ្រប់វត្តអារាមតែងបានផ្តល់នូវពុទ្ធឱវ៉ាទដល់ប្រជាពុទ្ធបរិស័ទក្នុងការអប់រំផ្លូវកាយ ផ្លូវចិត្ត អោយប្រព្រឹត្តិនូវអំពីជាកុលស និងចេះចែករំលែកក្តីស្រឡាញ់ និងទុក្ខចំពោះគ្នាទៅវិញទៅមកផងដែរ។ ឯកឧត្តមបន្តថា វិស័យព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងសង្គមជាតិយើងទំាងមូល ដោយហេតុថាតាមរយះព្រះទេសនានាបានធ្វើការអប់រំប្រជាពករដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបណ្តាយុវជនយុវនារីដែលជាទំពាំងស្នងឬស្សី ក្នុងការបញ្រ្ជាបការរំអប់នានាដូចមិនអោយប្រព្រឹត្តិនូវអំពើអបាយមុខផ្សេងៗ ការសេពគ្រឿងញៀនគ្រឿងស្រវឹង ការអប់រំផ្លូវចិត្តអោយចេះស្គាល់គុណ ស្គាល់ទោសចំពោះអ្នកមានគុណ ចំពោះគ្រូបាធ្យាយ ហើយដែលកត្តាទាំងអស់នេះហើយជាការរួមចំណែកយ៉ាងសំខាន់ធ្វើអោយសង្គមជាតិរបស់មានភាពស្អាតស្អំ ប្រជាពលរដ្ឋរបស់នៅក្នុងភាពក្សេមក្សាន្ត បង្ករបាននូវបរិយាកាសសាមគ្គី និងនាំមកនូវសន្តិភាព។

        ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យដំសំខាន់មួយក្នុងវិស័យព្រះពិទ្ធសាសនា ដែលតែងបានធ្វើឡើងនៅ​ថ្ងៃ១៥​កើត ​ពេញ​បូណ៌មី ខែ​មាឃ  ហើយពិធី​នេះ​គឺ​ជា​ឱកាសឲ្យពុទ្ធសាសនិក​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ពុទ្ធកាល។ ពិធី​បុណ្យ​មាឃបូជា ជា​ទូទៅ​ត្រូវ​ពុទ្ធ​បរិស័ទ ឬ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ប្រារព្ធ​ធ្វើ​នៅ​តាម​វត្ត​អារាម ឬ​មួយ​ធ្វើ​នៅ​ឯ​ព្រះ​សក្យមុនីចេតិយ ជា​ទី​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះ​សម្មាសម្ពុទ្ធតែម្តង។ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ព្រះពុទ្ធ​សាសនា​បញ្ជាក់​ថា ថ្ងៃ​មាឃ​បូជា គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ ក្នុង​ព្រះពុទ្ធ​សាសនា ឬ​កាល​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រំឭក​ដល់​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ កាល​ពី​ទ្រង់​នៅ​មាន​ព្រះ​ជន្មាយុ​នៅ​ឡើយ។ ថ្ងៃ​មាឃបូជា គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ៖ «ជា​ព្រឹត្តិការណ៍​ដែល​ព្រះអង្គ​ដាក់​ព្រះជន្មាយុ​​សង្ខារ បាន​ន័យ​ថា កំណត់​ពេល​បរិនិព្វាន​ នៅ​ពេល​ដែល​មារ​​បាន​ទៅ​អារាធនា​ព្រះអង្គ​ក៏​បាន​ទទួល​យល់​ព្រម​ជាមួយ​នឹង​មារ អ៊ីចឹង​នៅ ៣​ខែ​​ទៀត​តថាគត​នឹង​បរិនិព្វាន»។ ថ្ងៃ​មាឃបូជា​ក៏​ជា​ថ្ងៃ​រំលឹក​ទៅ​ដល់​ពេល​ដែល​ព្រះពុទ្ធ​អង្គ​ សម្ដែង​នូវ​ឱវាទ​បាតិមោក្ខ​ប្រទាន​ដល់​ព្រះ​ភិក្ខុ​សង្ឃ​ជា​អរហន្ត​ទាំង ១,២៥០​អង្គ ដែល​បាន​មក​ចូល​រួម​ចតុរង្គសន្និបាត៖ «កាល​នោះ​ព្រះអង្គ​ទ្រង់​សម្ដែង​ឱវាទ​បាតិមោក្ខ ព្រោះ​តែ​កាល​ណា​គ្រាន់​តែ​ព្រះ​អង្គ​នឹង​ឃើញ​ថា ចង់​សម្ដែង​បាតិមោក្ខ គឺ​ចង់​ជួប​នឹង​ពួក​ភិក្ខុ ពេល​នោះ​ព្រះ​អរហន្ត​​​​​ទាំង ១២៥០​អង្គ សុទ្ធ​តែ​ជា​ព្រះ​អរហន្ត​លោក​និមន្ត​មក​ដោយ​ពុំ​មាន​អ្នក​និមន្ត​ទេ​ បាន​ន័យ​ថា បាន​មក​ដល់​ភ្លាម»។ ចំពោះការ​ប្រជុំ​ចតុរង្គសន្និបាត ជា​កាល​ដ៏​អស្ចារ្យ ពីព្រោះ​ការ​ប្រជុំ​នោះ គឺ​ប្រកប​ដោយ​អង្គ​៤ ដែល​រួម​មាន អង្គ​ទី​១ គឺ​ពេល​នោះ​ជា​ថ្ងៃ​ឧបោសថសីល​មាន​ព្រះចន្ទ​ពេញ​វង់ ថ្ងៃ ១៥​កើត​ជា​ថ្ងៃ​ពេញ​បូណ៌មី ខែ​មាឃ។ អង្គ​ទី​២ ព្រះ​ភិក្ខុ​សង្ឃ​សាវ័ក​ដែល​បាន​មក​ចូល​រួម​ចតុរង្គសន្និបាត​ទាំង ១.២៥០​អង្គ​នោះ គឺ​បាន​និមន្ត​មក​ពី​ទិស​ទាំង​៤ ដោយ​មិន​បាន​កំណត់​ពេល​គ្នា ឬ​ក៏​ផ្ដល់​ដំណឹង​ណាត់​ទុក​ជា​មួយ​គ្នា​អ្វី​មុន​ទាល់​តែ​សោះ ក៏​ស្រាប់​តែ​ដល់​ថ្ងៃ​នោះ បាន​និមន្ត​មក​ព្រមៗ​គ្នា​តែ​ម្ដង។ អង្គ​ទី​៣ ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាលម៉ាន​នោះ សុទ្ធ​សឹង​តែ​ជា​ព្រះអរហន្ត ឬ​ជា​បុគ្គល​ដែល​បាន​សម្រេច​អរហត្ត ប្រាស​ចាក​រាគៈ (លោភៈ) ទោសៈ មោហៈ ជា​អ្នក​សម្រេច​នូវ​អភិញ្ញា​៦ ឬ​មាន​ចំណេះ​ដឹង​យ៉ាង​ខ្ពស់​ក្នុង​លោកុត្តរ​ធម៌​នៃ​ព្រះពុទ្ធ​សាសនា។ ចំណែក​អង្គ​ទី​៤ គឺ​ព្រះ​ភិក្ខុ​សង្ឃ ១.២៥០​អង្គ​នោះ សុទ្ធ​តែ​ជា​ឯហិ​ភិក្ខុ ដូច​គ្នា​ទាំង​អស់។ ដែល​ហៅ​ថា ឯហិ​ភិក្ខុ គឺ​ជា​ភិក្ខុ​ដែល​បំបួស​ឡើង​ដោយ​ព្រះ​សម្មាសម្ពុទ្ធ​ផ្ទាល់ ហើយ​ពេល​បំបួស​នោះ គឺ​មាន​ស្បង់​ចីវរ​បាន​ប្រាកដ​ឡើង​ដោយ​ឯក​ឯង ហើយ​ការ​កាត់​កោរ​សក់ កោរ​ពុក​មាត់ ពុក​ចង្កា ក៏​កើត​ឡើង​ដោយ​ឯក​ឯង​ដែរ ដោយ​អំណាច​នៃ​បុណ្យ​បារមី​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ ដែល​បាន​ធ្វើ​សន្សំ​ទុក​មក​ជា​ច្រើន​ជាតិ៕



អត្ថបទទាក់ទង