រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន ជំរុញការស្ថាបនាផ្លូវអ៊ុតបេទីមីន័រ ក្នុងតំបន់រដ្ឋបាលខេត្ត ឱ្យបានរួចរាល់មុនចូលបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

  • 402
  • ដោយ poeuninfo

ប៉ៃលិន៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលការដ្ឋាន ស្ថាបនាផ្លូវ ដោយអ៊ុតកៅស៊ូបេទីមីន័រ (AC) នៅក្នុងតំបន់រដ្ឋបាលខេត្ត ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ​​​បានប្តេជ្ញា និងជំរុញការស្ថាបនា ឱ្យបានរួចរាល់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងលេងកំសាន្តសង្ក្រាន្តឆ្នាំថ្មី ជាពិសេស​សម្រួលដល់ការធ្វើដំណើររបស់មន្រ្តីរាជការ ក្នុងការបំពេញការងារក្នុងអង្គភាពរបស់ខ្លួន ដូច្នេះក្រុមហ៊ុនដែលទទួលស្ថាបនាផ្លូវក្នុងតំបន់រដ្ឋបាលខេត្តនេះ ត្រូវយកចិត្តទុកដាក់ធ្វើឱ្យបានលឿន តាមស្តង់ដាបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ ស្របតាមកិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តប៉ៃលិន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធ​​ធារាសាស្ត្រ ទឹកស្អាត និងភ្លើងអគ្គីសនី ជាដើម។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ សូមមេត្តាផ្តល់នូវកិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ដើម្បីឱ្យដំណើរការស្ថាបនាផ្លូវនេះ បានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវក្នុងតំបន់រដ្ឋបាលខេត្តប៉ៃលិន ដែលគ្រោងអ៊ុតកៅស៊ូបេទីមីន័រ (AC) នេះ គឺមានប្រវែង ៨៧៨ម៉ែត្រ ស្មើនឹង ៩៣៣០ម៉ែត្រការ៉េ ដាក់លូមូលអង្កត់ផ្ចិត ០,៨ម៉ែត្រ សងខាងផ្លូវ ប្រវែង ២៧៥៦ម៉ែត្រ និងរៀបថ្មម៉ាប ចំនួន ៦៦២០ម៉ែត្រការ៉េ ដោយគ្រោងស្ថាបនាឱ្យបានរួចរាល់មុនសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង