រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល ណែនាំដល់ប្រជាពលរដ្ឋមានការគិតគូ ប្រុងប្រយ័ត្នខ្ពស់កុំអោយចាញ់បោកជនខិលខូចលួងលោម ដើម្បីជួញដូរមនុស្ស

  • 473
  • ដោយ poeuninfo

មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខ ក្មេងស្រីរងគ្រោះចំនួន៣នាក់ នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន ដែលបានចាញ់បោកជនខិលខូចលួងលោមយកទៅលក់នៅប្រទេសថៃ, ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ក្មេងស្រីទាំង៣នាក់ ដែលរងគ្រោះដោយការចាញ់បោកនេះ ត្រូវមានការគិតគូ ប្រុងប្រយ័ត្នខ្ពស់កុំអោយចាញ់បោកជនខិលខូចដែលលួងលោម ក្នុងគោលបំណងជួញដូរមនុស្ស។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ល្បិចកលជនខិលខូចមានច្រើនរាប់មិនអស់ ក្នុងនោះការណែនាំអោយទៅធ្វើការនៅឆ្ងាយពីផ្ទះ ការនាំអោយទៅជួបជុំបងប្អូនដែលនៅឆ្ងាយ ការសន្យាអោយនេះ អោយនោះ ជាដើម គឺជាល្បិចកលពេញនិយមសំរាប់ជនខិលខូល ដែលបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវតែគិតពិចារណាអោយបានល្អិតល្អន់ មានហេតុផល មានការធានាច្បាស់លាស់ ពិសេសត្រូវប្រឹក្សាយោបល់ជាមួយអ្នកមានចំណេះជំនាញ មានមេភូមិ មេឃុំដែលនៅក្បែរខ្លួនជាដើម។ ម្យ៉ាងទៀតយុវជន យុវនារីក្មេងៗដែលកំពុងរស់នៅក្នុងបន្ទុកឳពុកម្តាយ មិនគួរចាកចេញពីផ្ទះទៅឆ្ងាយ តាមគ្នី តាមគ្នា ដោយមិនមានការដឹងលឺពីឳពុកម្តាយនោះឡើយ។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់អោយបានដាច់ខាត នៅគ្រប់រូបភាព គ្រប់ទីកន្លែង ចំពោះការឆបោកដែលឈានដល់ការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គឺចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបអោយបានទាន់ពេលវេលា។ ឯកឧត្តមក៏បានណែនាំដល់នារីរងគ្រោះទាំងបី ពេលត្រលប់ទៅស្រុកកំណើតវិញ ត្រូវមានការប្រុងប្រយ័ត្ន កុំអោយចាញ់បោកគេទៀត និងត្រូវខិតខំរៀនសូត្រយកចំនេះជំនាញ តាមរយៈការគាំទ្រពីមន្ទីរកិច្ចការនារីខេត្ត ក៏ដូចជា អង្គការឧបត្ថម្ភគ្រួសារកម្ពុជា ដើម្បីជាមូលដ្ឋានប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយបានការរីកចំរើន។

សូមបញ្ជាក់ថា៖ បើតាមលោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានឱ្យដឹកថា៖ ក្មេងស្រីរងគ្រោះទាំង ០៣នាក់នេះ ទី១/ឈ្មោះ ឈភ ភេទស្រីអាយុ១៨ ឆ្នាំ រស់នៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពងត្រាច ខេត្តកំពត ទី២/ឈ្មោះ ភគរ ភេទស្រីអាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុងកំពងត្រាច ខេត្តកំពត និងទី០៣ ឈ្មោះ ធសន ភេទស្រីអាយុ ១៤ ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានជនខិលខូចលួងលោម យកទៅលក់អោយថៅកែនៅប្រទេសថៃ ដោយឆ្លងកាត់តាមច្រកស្រុកកំរៀង ហើយត្រូវបានសមត្ថកិច្ចស្រុកកំរៀងឃាត់ខ្លួន បន្ទាប់មកសមត្ថកិច្ចស្រុកកំរៀងក៍បានប្រគល់ជនរងគ្រោះអោយមកស្នាក់នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន ដើម្បីធ្វើការប្រគល់ជនរងគ្រោះជូនដល់ឳពុកម្តាយត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង